Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​ត្រៀម​ខ្នោះ​ដាក់​ទណ្ឌិត សម រង្ស៊ី ឲ្យតែ​ហ៊ាន​ចូល​ស្រុក​

spot_img

​​ភ្នំពេញ ​៖ ពាក់ព័ន្ធ​នឹង​ជម្លោះ​ផ្ទៃក្នុង​របស់​អតីត​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មនុស្ស​ពីរ​នាក់ ក្លាយទៅជា​មនុស្ស​ម្នាក់​មិន​អាច​ទៅ​រួច​នោះ​ទេ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែ​ធ្នូ​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ ដែល​ឆ្លង​ផុតដៃ​ព្រឹទ្ធសភា​ហើយ​នោះ មិនមែន​ធ្វើ​តម្រូវ​បក្សនយោបាយ​ណា មួយ​នោះ​ទេ គឺ​ធ្វើ​សម្រាប់​គណបក្ស​នយោបាយ ទាំងអស់​នៅ​កម្ពុជា​។ ច្បាប់​នេះ ក៏​នឹង​មិន​អាច​ឲ្យ​អ្នក​នយោបាយ មានទោស​អាច​រួច​ទោស ឬ​អ្នក​នយោបាយ ជាប់​បម្រាម​ធ្វើ​នយោបាយ អាច​រួចផុត ពី​បម្រាម​នោះដែរ​។ ពួកគេ​ត្រូវ​ធ្វើលិខិត​ស្នើសុំ​ទៅកាន់ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឬ​នាយករដ្ឋមន្ត្រី ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។​

​សម្តេច​តេជោ បាន​បញ្ជាក់ទៀតថា សំណើ​នេះ ក៏​មិន​អាច​ធ្វើ​ជា​កញ្ចប់​បានដែរ គឺ​ត្រូវ​ធ្វើឡើង​មួយដង មួយ​នាក់ ហើយ​ត្រូវ​ពិនិត្យ​លក្ខណៈសម្បត្តិ​ផ្សេងៗ ថែម​ទៀត​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ឲ្យ​អតីត​សមាជិក អតីត​បក្ស​សង្គ្រោះ​ជាតិ ពិចារណា​ថា សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ឬ​មិន​សុំ ព្រោះ​បើ​មិន​សុំ​នឹង​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ និង​ចូលរួម​ការបោះឆ្នោត ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២​នោះឡើយ​។ សមាជិក សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេលកន្លងមក គឺ​នៅតែ​បន្ត​រក្សា​តំណែង រហូតដល់​ឆ្នាំ​២០២២ ហើយ​អ្នក​មាន​ការងារ​ល្អ នឹង​បន្ត​ដល់​អាណត្តិ​ក្រោយៗ​ទៀត​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នឹង​មាន​ការបង្កើត​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ក្រុង សង្កាត់ និង​ខណ្ឌ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តាំ​ថា ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រស់​ឡើង​វិញ​នោះឡើយ​។ សម្តេច​តេជោ បាន​ផ្តាំ​ទៅ​អតីត​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ដេក​យល់សប្តិ​ថា បាន​ត្រឡប់​មក​ធ្វើ​ជា​មេឃុំ ចៅសង្កាត់ ឬ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​​ឡើងវិញ​ឲ្យសោះ​។ កុំ​សង្ឃឹមថា មាន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឡើងវិញ​។ ការបោះឆ្នោត​ជ្រើសរើស តំណាង​រាស្ត្រ​មាន​តែ​នៅ​ឆ្នាំ​២០២៣​តែប៉ុណ្ណោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​ត្រៀម​ខ្នោះ​ដាក់​ទណ្ឌិត សម រង្ស៊ី ឲ្យតែ​ហ៊ាន​ចូល​ស្រុក​។ ប្រសិនបើ​ទណ្ឌិត សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​ទេ គឺ​មិនមែន​ជា​មនុស្ស​នោះទេ ហើយ​សម្តេច មិន​បាន​ហាម​អាកាសចរណ៍​ណាមួយ មិន​ឲ្យ​ដឹក​ទណ្ឌិត សម រង្ស៊ី ចូល​ស្រុក​នោះទេ​។ សម្តេច​តេជោ សម្តែង​ការហួសចិត្ត​ចំពោះ​ទណ្ឌិត សម រង្ស៊ី ដែល​ហ៊ាន​យក​សេរីភាព​លោក កឹម សុខា ដៃគូ​នយោបាយ​របស់​ខ្លួន មក​ធ្វើជា​ល្បែងភ្នាល់ ជាមួយ​សម្តេច​។ ការ​ភ្នាល់​នេះ ជា​រឿង​អ​គុណធម៌ តែ​សម្តេច ត្រូវតែ​ភ្នាល់​តាម​ការស្នើ របស់​ទណ្ឌិត សម រង្ស៊ី។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ “​ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ​ដែរ សម្រាប់​អ្នក​ដែល​បាន​ត្រៀម​ខ្លួន​ចូល​ស្រុក ខ្ញុំ​ក៏​បាន​ត្រៀម​ខ្នោះ និង​គុក​រួចហើយ​ដែរ​។ សូម​អញ្ជើញ​អ្នកក្លាហាន​មកកាន់​ទឹកដី​កម្ពុជា មុន​ក៏​បាន​ក្រោយ​ក៏​បាន​បន្ទាប់ពី​ឱសានវាទ​នៃ​ការ​ភ្នាល់​គ្នា គឺ​ក្រោយ​ថ្ងៃ​១ ខែ​មីនា​។ សូម​អញ្ជើញ បើ​មិន​មក អ្នក​ឯង​មិន​មែន​ជា​មនុស្ស​ទេ គឺជា​សត្វ​តិរច្ឆាន​។ អញ្ជើញ​មក ព្រៃ​ស​ចាំ ឬ ត្រពាំង​ផ្លុង ឬ​ព្រះវិហារ ឬ​ឧត្តរមានជ័យ ឬ​កន្លែង​ណា Everywhere សូម​អញ្ជើញ​អ្នកក្លាហាន​ចូល​ស្រុក ដើម្បី​ទទួល​ទោស​ដែល​អ្នក​មាន​រួចទៅហើយ មិនចាំបាច់​រត់ចោលស្រុក​ហើយ ប្រកាស​ផ្តល់​ក្តីសង្ឃឹម​ថា នឹង​ចូល​ស្រុក​”​។​

​សម្តេច​បាន​បញ្ជាក់ថា “​ខ្ញុំ​បាន​ប្រាប់​អាកាសចរណ៍ កុំឱ្យ​ហាមឃាត់​អាកាសចរណ៍​ទាំងអស់​ដឹក​អាជ​ន​ហ្នឹង គឺ​ឱ្យ​គេ​ដឹង​មក ខ្ញុំ​ក៏​ចង់​ជម្រះបញ្ជី​ជាមួយ​អា​ជននេះ​ឱ្យបាន​ច្បាស់​។ ខ្ញុំ​បាន​ប្រាប់​អាកាសចរណ៍​ស៊ីវិល កុំ​ហាមឃាត់​ក្នុង​ការដឹក​អាច​ង្រៃ​នេះ​ចូល​ស្រុក ព្រោះ​យើង​ត្រូវ​ដាក់​ខ្នោះ​វា ព្រោះ​យើង​តាម​ចាប់​វា​យូរហើយ​ចាប់​មិន​បាន ឥឡូវ​វា​ចូល​ឱ្យ​ចាប់​ហើយ វា​មិន​ស្រួល​។ សូម​អញ្ជើញ​មក ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​ហើយ​ដែរ ប៉ុន្តែ​បើសិន​អ្នក​ឯង​មិន​មក ថ្ងៃទី​១ ខែ​មីនា ដែល​ជា​ឱសានវាទ នៃ​ការ​ភ្នាល់ គឺ​អ្នកឯង​ជា​សត្វ​ឆ្កែ​សុទ្ធ ខ្ញុំ​ហៅ​អ្នក​ឯង​ជា​ឆ្កែ គ្រាន់តែ​ព្រុះ បើ​ពូកែ​ណាស់ ! ពេល​ណា​ក៏​រត់​ដែរ​ឱ្យតែ​មាន​រឿង​គឺរ​ត់ មិន​ថា​រឿង​តូច ឬ​រឿង​ធំ គឺ​ដឹង​តែ​រត់ រួច​ហើយ​តាំង​ប្រកាស​មកហើយ​”​។​

​សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៀតថា​៖ “​លើក​មុន ខ្ញុំ​លើកលែងទោស​ឱ្យ​អ្នកឯង ចំ​ថ្ងៃ​ឪពុក​ខ្ញុំ​ទទួលមរណភាព តែ​លើក​នេះ ខ្ញុំ​មិន​បាន​លើកលែង​ទោស​អ្នកឯង​ទេ ខ្ញុំ​បញ្ជា​ឱ្យ​ដាក់​ខ្នោះ​អ្នកឯង ព្រោះ​រដ្ឋបាល​ត្រូវ​អនុវត្ត​សាលដីកា​តុលាការ នរណា​ចង់​ថា​អី​ថា​ចុះ ល្អ​ដែរ​សូម​អញ្ជើញ​មក​ជាប់គុក ហើយ​ចូល​ឆ្នាំ​ខ្មែរ​សូម​មក​ចូល​ឆ្នាំ​នៅ​ក្នុង​គុក ប្រហែលជា​ក្លាយ​ជា​វីរៈបុរស ប៉ុន្តែ​តាម​ការយល់ដឹង​នៃ​មនុស្ស​ជាច្រើន គឺ​ថា​មនុស្ស​នេះ​ជា​មនុស្ស​កំសាក​។ ខ្ញុំ​និយាយ​បែបនេះ គឺ​ខ្ញុំ​ចង់​រុញ​ដើម្បី​ឱ្យ​អ្នកឯង​ចូលមក​”​។​

​សម្តេច​បាន​បន្តទៀតថា​៖ “​នៅ​សុខ​មិន​សុខ ទៅ​យក​សេរីភាព​របស់​អ្នកដទៃ​មក​ភ្នាល់ បើ​ខ្ញុំ​មិន​ភ្នាល់​ទេ គឺ​គេ​ថា​ខ្ញុំ​នឹង​កំសាក អន់ ប៉ុន្តែ​គេ​ចាប់​ចំណុច​ខុស​បំផុត ពេល​ដែល​ខ្ញុំ​ប្រកាស​ភ្នាល់​គេ​ថា យើង​សម្រេច​ជំនួស​តុលាការ ប៉ុន្តែ​សូម​ស្តាប់​សម្តី​របស់​ខ្ញុំ​ឡើងវិញ ខ្ញុំ​ថា បើ​មិន​ទាន់​កាត់ទោស​ផង តើ​មាន​ទោស​មក​ពី​ណា​នឹង​ត្រូវ​លើកលែង ទោះបីជា​សេះ​ដុះ​ស្នែង ក៏​រឿងនេះ​មិនអាច​កើត​ឡើង​ដែរ​”​។​

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ អង្គប្រជុំ​ព្រឹទ្ធ​សភា បាន​ពិនិត្យ និង​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីស្នើច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន​៥៦​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​សម័យប្រជុំ​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​ធ្នូ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ ។ ព្រឹទ្ធសភា ក៏​បាន​ឱ្យ​យោបល់​ឯក​ភាព​​ទាំងស្រុង​។​

​បើតាម​សេចក្តីប្រកាស​លទ្ធផល​ព្រឹទ្ធសភា បានបញ្ជាក់​ថា ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ ។ សេចក្តីស្នើច្បាប់​នេះ តាក់តែងឡើង​ដើម្បី​ធានា​ភាព​ច្បាស់លាស់​អំពី​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នេះ ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ដើម្បី​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ ក៏ដូចជា​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ ច្បាប់​ស្តីពី​គណបក្សនយោបាយ ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម​បន្ថែម ដោយ​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្តារៈដ៏​ខ្ពង់​ខ្ពស់​បំផុត នូវ​ព្រះរាជតួនាទី ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ក្នុង​ការផ្តល់​និតីសម្បទា​ឡើងវិញ ចំពោះ​អ្នក​នយោបាយ​ដែល​ត្រូវបាន​តុលាការ​កំពូល​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​តាម​អំណាច​សាលដីកា ហើយ​ដែល​អ្នកនយោបាយ​ទាំងនោះ មិន​បាន​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​មិន​ធ្វើឲ្យប៉ះពាល់​ដល់​គោលការ​ណ៍នីតិរដ្ឋ និង​សន្តិសុខ​ជាតិ​។ សេចក្តីស្នើច្បាប់​នេះ តាក់តែង​ឡើង​មាន​២​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា យល់ព្រម​លើក​ដំបូង​ចំនួន​១១៥​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នា​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦​។​

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប តំណាង​ក្រុមតំណាងរាស្ត្រ ហត្ថលេខី និង​សហការី បាន​អញ្ជើញ​មក​ការពារ​សេចក្តីស្នើច្បាប់​នេះ ៕ ដោយ ​៖ ​រចនា​

spot_img
×