ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៤១ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ។ បើតាមលោកតុប សំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានឆ្លងរបាយការណ៍របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រចាំឆ្នាំ២០១៨ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី។
ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍អំពីសកម្មភាពការងាររបស់អង្គភាពប្រចាំឆ្នាំ២០១៨ ដែលប្រមូលផ្តុំលើការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាជាតិប្រឆាំអំពើពុករលួយ និងផែនការសកម្មភាពរបស់អង្គភាព ជាពិសេសការអនុវត្តអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាបាល និងវះកាត់) ទៅក្នុងការងារមុខព្រួញទាំង៣ គឺអប់រំ បង្ការទប់ស្កាត់ និងអនុវត្តន៍ច្បាប់។
លោកតុប សំ បានគាំទ្ររាល់ចំណាត់ការសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ ប្រចាំឆ្នាំ២០១៨ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការពង្រឹងការងារអប់រំ បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ លើគ្រប់រូបភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនជំនឿទុកចិត្តពីមហាជន មកលើភាពស្អាតស្អំ របស់រាជរដ្ឋាភិបាលលើអភិក្រម ទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាបាល និងវះកាត់៕ ដោយ ៖ បញ្ញាស័ក្តិ