ភ្នំពេញ៖ ក្រោយពីមានការសម្រប់សម្រួល ពីអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងក្រសួងការងារ នៅវេលាម៉ោង១៥:២០នាទី ភាគីទាំងពីបានព្រមព្រៀងគ្នា ទាំង៥ចំណុច នៃវិវាទការងារកម្មករ ប្រមូលសំរាម និង ក្រុមហ៊ុនស៊ីនទ្រី បានសះជាហើយ និងចាប់ផ្តើមដំណើរការការងារឡើងវិញហើយ។
យោងតាមរបាយការណ៍ នៃការដោះស្រាយទំនាស់នេះ នៅ ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៦:១០នាទី នៅក្រុមហ៊ុនស៊ីនទ្រី ខេមបូឌា ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ មានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ នៃក្រុមហ៊ុនស៉ីនទ្រី ខេមបូឌា តំណាងអោយកម្មករចំនួន១៨០៦នាក់ ដែលមិនព្រមចូលធ្វើការ បានធ្វើការទាមទារលក្ខខណ្ឌបន្ថែម២ចំណុចទៀត លើលក្ខខណ្ឌដែលបានធ្វើកាលពីម្សិលមិញដូចខាងក្រោម÷ លក្ខខណ្ឌម្សិលមិញមាន៣ចំណុច គឺ១- ទាមទារតម្លើងប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន ១២ដុល្លារ. ២- ទាមទារអោយទូរទាត់ប្រាក់បំណាច់អតីតភាពការងារ. និង៣- ទាមទារទូរទាត់ការឈប់សម្រាក់ប្រចាំឆ្នាំដែលនៅសល់គិតជាលុយ។ លក្ខខណ្ឌទាមទារបន្ថែម២ចំណុចទៀត ទី៤- ទាមទារស្នាមមេដៃដែលបានផ្តិតតាមរយៈមេខណ្ឌ. ៥- ទាមទារលុយបាយទាំងថ្ងៃទាំងយប់សូមគិតជាលុយ។ លក្ខខណ្ឌសរុបចំនួន៥ចំណុច នៅវេលាម៉ោង ១១ៈ១០នាទី មានការជួបជុំគ្នាដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន និងសហជីពតំណាងកម្មករដោយមានការចូលរួមដូចខាងក្រោម÷ ១- លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ២- លោក ខៀវ សាវុធ អនុនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ.
៣- លោក ស៊ឹម តុលា នាយករងរដ្ឋបាលខណ្ឌដង្កោ. ៤- លោក ហេង ហ័រ នាយរងការិយាល័យវិវាទការងារ នៃក្រសួងការងារ. ៥- លោក សុខ ហួត អនុប្រធានក្រុមហ៊ុនស៊ីនទ្រី. ៦- លោក កៅ សុវ៉ាត ប្រធានសហជីពវិស័យទេសចរណ៍ តំណាងកម្មករ. ៧- លោក ទូច កុសល់ សហជីពវិស័យទេសចរណ៍ តំណាងកម្មករ។
ក្រោយពីមានការសម្រប់សម្រួល ពីលោកអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងក្រសួងការងារ នៅវេលាម៉ោង១៥:២០នាទី ភាគីទាំងពីបានព្រមព្រៀងគ្នា ទាំង៥ចំណុច តែចំពោះលក្ខខណ្ឌចំណុចទី១ ដែលកម្មករទាមទារដំឡើង ប្រាក់ខែប្រចាំឆ្នាំចំនួន១២ដុល្លារ ខាងក្រុមហ៊ុនបានយល់ព្រមជូនចំនួន៩ដុល្លារ ដោយចាប់ផ្តើមអនុវត្តន៍ពី ខែកុម្ភៈ ឆ្នាំ២០១៩ ឯខាងកម្មករក៏បានឯកភាព។ ការដោះស្រាយវិវាទខាងលើបានបញ្ចប់ត្រឹមវេលាម៉ោង១៣:២០នាទី ។
បន្ទាប់ពីក្រុមកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជាង២ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម ដោយបាននាំគ្នាតវ៉ា អត់ធ្វើការ ដោយទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែនោះ លោកអភិបាលរាជធានីភ្នំពេញ បានដាក់វិធានជាបន្ទាន់ ដើម្បីដោះស្រាយការកកស្ទះសំរាម នៅរាជធានីភ្នំពេញ ដោយណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ជួលរថយន្តដឹកសំរាមជាបណ្តោះអាសន្ន។
ក្នុងកិច្ចប្រជុំបានផ្តោតលើការងារសន្តិសុខសណ្តាប់ធ្នាប់ កាលពីព្រឹកថ្ងៃទី២៧ខែធ្នូនេះ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាការទាមទារដំឡើង ប្រាក់ខែរបស់កម្មករ កម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រី និងការធ្វើពហិការមិនប្រមូលសំរាមក្នុងរយៈពេល២ថ្ងៃមកនេះ ។ លោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ជួលរថយន្តដឹកសំរាមជាបណ្តោះអាសន្នសិន ទម្រាំបញ្ហាត្រូវបានដោះស្រាយ។
លោកអភិបាល បានបន្តថា៖ “ក្រុមហ៊ុនស៊ីនទ្រី មិនត្រូវរកស៊ីដឹងតែពីចំណេញនោះទេ ត្រូវគិតដល់ពេលខាតខ្លះផង ហើយក្រុមហ៊ុនស៊ីនទ្រី ក៏មិនត្រូវយកប្រជាពលរដ្ឋរាជធានីភ្នំពេញ ធ្វើជាចំណាប់ខ្មាំងរបស់ខ្លួននោះដែរ។ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ កំពុងចាត់វិធានការលើការដោះស្រាយ ការកកស្ទះសំរាមតាមដង ផ្លូវនានា ក្នុងរាជធានីភ្នំពេញ នៅពេលដែលកម្មការក្រុមហ៊ុនស៊ីនទ្រី ធ្វើពហិការ មិនប្រមូលសំរាមដូចសព្វដង ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងដោះស្រាយ ជាមួយក្រុមហ៊ុនស៊ីនទ្រីផងដែរ”។
សូមបញ្ជាក់ថា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជាង២ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម កាលម៉ោង៧យប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ នៅការ៉ាសរថយន្តស៊ីនទ្រី ផ្លូវបេតុបឹងតាម៉ាត ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបាននាំគ្នាតវ៉ា អត់ធ្វើការ ដោយទាមទារអោយក្រុមហ៊ុន តំឡើងប្រាក់ខែអោយពួកគេ ចំនួន១២ដុល្លារបន្ថែម លើប្រាក់ខែគោលរបស់ពួកគាត់បន្ថែមទៀត ដោយទាមទារលក្ខខណ្ឌ ចំនួន៤ចំណុច ដូចជា ៖ ១-សុំអោយក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់ ។ ២-ទូរទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ ៤៤៣ ក.ប.ប្រ.ក.ខល។ ៣-ស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ សម្រាប់ឆ្នាំ២០១៩ ។ ៤-បញ្ហាផ្សេងៗ ។
កូដកម្មនេះដឹកនាំដោយសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ ដែលដឹកនាំដោយលោក ទូច កុសល។ នៅក្នុងការតវ៉ានេះ កម្មករស៊ីនទ្រី បានប្រាប់អោយភ្នាក់ងារសារព័ត៌មានដឹងថា ប្រាក់ខែពួកគាត់ បានចែកជា២វេន គឺវេនយប់និងថ្ងៃ ដោយអ្នកធ្វើការវេន ថ្ងៃទទួលបានប្រាក់ខែចំនួន៥១ម៉ឺន និងអ្នកធ្វើការវេនយប់ទទួលបានប្រាប់ខែ៦១ម៉ឺន ហើយពួកគាត់មាននាំគ្នាធ្វើការតវ៉ានេះ ដោយពួកគាត់ទាមទារ អោយខាងក្រុមហ៊ុន តំឡើងប្រាក់ខែចំនួន១២ដុល្លារ លើប្រាក់ខែគោលពួកគាត់បន្ថែមទៀត ព្រមទាំងអោយក្រុមហ៊ុន ផ្តល់សេវ៉ាថែមទាំងសុភាព នឹងមានប្រាក់បំណាច់ឆ្នាំ និងហូបចុកដូច កម្មករ កម្មការនី រោងចក្រដែរ ។
ជាលទ្ធផលក្នុងការដោះស្រាយ ភាគីក្រុមហ៊ុនស៊ិនទ្រី ព្រមព្រាងចំនួន ០៣ចំណុចគឺទី(១.២.៤) ចំពោះចំណុចទី៣ ដែលកម្មករស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ១៥$បន្ថែម ពីលើប្រាក់ខែបច្ចុប្បន្ន គឺខាងក្រុមហ៊ុនអោយតែ០៦$ប៉ុណ្ណោះ និងតំឡើងអោយ០១$ទៀត នៅខែ០៧ ឆ្នាំ២០១៩ តែខាងកម្មករមិនព្រមទទួលយកដំណោះស្រាយនេះទេ តែបញ្ចុះនៅត្រឹម១២$។
ក្នុងហេតុការណ៍នេះដែរ ក៏មានការប៉ះទង្គិចគ្នា រវាងកម្មករស៊ីនទ្រីគ្នាឯង និងកម្មករគ្នាឯង ដោយមានអ្នកខ្លះចង់បានប្រាក់ខែប៉ុណ្ណឹង ហើយអ្នកខ្លះទៀត ទាមទារតំឡើងប្រាក់ខែ ។
ដោយឡែកខាងក្រុមហ៊ុនវិញ ក៏បានហៅតំណាង ខាងកម្មករអោយចូលចរចារគ្នា តែខាងក្រុមហ៊ុនឡើងអោយដែរ តែតំលៃទាបពេក គឺត្រឹមតែ៦ដុល្លារ ទើបពួកគាត់ជាកម្មករ ទទួលយកមិនបាន គឺទាមទារ ១២ដុល្លារ ទើបព្រមចូលធ្វើការវិញ ដូច្នេះហើយបើសិន ជាការចរចាមិនត្រូវគ្នាទេ ខាងកម្មករមិនព្រមចេញ ទៅប្រមូលសំរាមវិញឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ