ខេត្តស្វាយរៀង ៖ លោក សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលក្រុង ស្វាយរៀង ។ ពិធីនេះរៀបចំនៅសាលប្រជុំសាលាក្រុងស្វាយរៀង ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកនាយកទីចាតការធនធានមនុស្សសាលាខេត្តលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីជាក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង តំណាងកងកម្លាំងទាំងបី ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាក្រុងទាំងអស់ និងចៅសង្កាត់ទាំង ៧ ក្នុងក្រុងស្វាយរៀង ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងក្រុងស្វាយរៀង ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលក្រុង និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យក្រុងរបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ ត្រូវបានតែងតាំង លោក សរ សុដានី ជាអភិបាលរងក្រុងស្វាយរៀង។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
-ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ ។
-ត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង ។
-គណៈអភិបាលក្រុង ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលក្រុងឲ្យបានច្បាស់លាស់។
-ត្រូវបន្តពង្រឹងការគ្រប់គ្រងការិយាល័យច្រកចេញចូលតែមួយ ឲ្យបានល្អ ។
-ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនសង្កាត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន ។
-ត្រូវពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ។
-ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងក្រុង ជាពិសេសនៅខាងក្នុង និងជុំវិញផ្សារវាយយន្ត នៅតាមដងផ្លូវ និងសួនច្បារសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាព ជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ។
-ត្រូវបន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត ។
-ត្រូវខិតខំរួមសហការគ្នាអភិវឌ្ឍន៍ក្រុងឲ្យកាន់តែមានការរីកចម្ររើនថែមទៀត ព្រមទាំងត្រូវចុះដោះស្រាយបញ្ហា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។
សូមបញ្ជាក់ថា ៖ យោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃលេខ៧៩១១ប្រ.ក ចុះថ្ងៃសុក្រ១៤កើតខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៨ ត្រូវបានផ្ទេរភារកិច្ច លោក សរ សុដានី ឋានន្តរស័ក្ដិនាយក្រមការថ្នាក់លេខ៦ពីជាអភិបាលរង នៃគណៈអភិបាលស្រុកស្វាយទាបឱ្យទៅកាន់មុខដំំំំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀងខេត្តស្វាយរៀង ៕ ដោយ ៖ វ៉ៃគោ