ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គឺលោកវេជ្ជបណ្ឌិត សេង ណុង បានប្រកាសស្វែងរកសាច់ញាតិបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យរងរបួសធ្ងន់។
លោកវេជ្ជបណ្ឌិតបន្តថា បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយមិនមានឃើញសាច់ញាតិមកមើលថែនោះទេ។
ផ្តើមពីបញ្ហានេះ លោក សេង ណុង ប្រកាសស្វែងរកសាច់ញាតិបុរសរងគ្រោះ មិនស្គាល់អត្តសញ្ញាណខាងលើ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមក្រុមគ្រួសារនីមួយៗ ដែលបាត់សមាជិកក្នុងគ្រួសារសូមទាក់ទង ឬមកពិនិត្យមើលសមាជិកក្រុមគ្រួសារ របស់ខ្លួន នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឱ្យបានឆាប់។
លោកវេជ្ជបណ្ឌិត សេង ណុង ឱ្យដឹងដូច្នេះ រួចបញ្ជាក់ថា បុរសរងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានរថយន្តសង្គ្រោះឯកជន ដឹកយកមកប្រគល់ឱ្យ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត ១១យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ៕ ដោយ៖ ដែន សីមា