ភ្នំពេញ ៖ ពាក់ព័ន្ធនឹងលោក សម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដាក់លិខិតប្តឹងទៅសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរមកលើប្រទេសកម្ពុជានោះ ត្រូវបានសម្តេចក្រឡាហោម អះអាងថា ប្រទេសកម្ពុជាគ្រប់គ្រងស្ថានការណ៍ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បម្រើសេវាប្រជាពលរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុក ហើយលោកសម រង្ស៊ី ធ្វើយ៉ាងម៉េច ជារឿងរបស់គាត់ ខ្ញុំមិនចាប់អារម្មណ៍ទេ។
ក្រោយបិទបញ្ចប់ សិក្ខាសាលា ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់ គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ “ខ្ញុំមិនចង់ឆ្លើយតបអីទេ អាហ្នឹងជារឿងរបស់គាត់ទេ គាត់អត់គិតផលប្រយោជន៍ជាតិ ហើយគាត់ធ្វើតាមអំពើចិត្តរបស់គាត់ នេះគឺជារឿងរបស់គាត់”។
សម្តេចក្រឡាហោម បានបន្តថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចាប់អារម្មណ៍នាពេលនេះ គឺការគ្រប់គ្រងប្រទេសឱ្យល្អប្រសើរ ដោយពង្រឹងលើការបម្រើប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងស្ថិរភាព និងការអភិវឌ្ឍ។ “យើងឥឡូវនេះ គឺគិតថាធ្វើម៉េចយើងនៅក្នុងប្រទេសហ្នឹងគ្រប់គ្រងស្ថានការណ៍ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បម្រើសេវាប្រជាពលរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកនេះ ត្រង់ថាគាត់ធ្វើយ៉ាងម៉េច អាហ្នឹងគឺជារឿងរបស់គាត់ ខ្ញុំមិនចាប់អារម្មណ៍ទេ” សម្តេចក្រឡាហោម បញ្ជាក់បន្ថែម។
ទោះជាយ៉ាងនេះក្តី សហភាពអឺរ៉ុបមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ ជុំវិញរឿងនេះ។
លោក សម រង្ស៊ី នៅថ្ងៃទី២៦ធ្នូ បានដាក់លិខិតទៅសហភាពអឺរ៉ុប ដោយចោទអាជ្ញាធរកម្ពុជាថានៅតែគំរាមកំហែងសកម្មជនសង្គ្រោះជាតិដែលធ្វើសកម្មភាពគាំទ្រខ្លួននៅកម្ពុជា មិនឲ្យបង្ហោះវីដេអូ ដែលក្នុងនោះ មន្ត្រីជាប់ឆ្នោត និងសកម្មជនទាំងនោះ គាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងគាំទ្រពាក្យស្លោក “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ”។ លិខិតរបស់លោក សម រង្ស៊ី ធ្វើឡើងក្រោយពីសកម្មជនសង្គ្រោះជាតិ ត្រូវកោះហៅទៅសាកសួរ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពនានា ពាក់ព័ន្ធការបង្ហោះវីដេអូគាំទ្រលោក សម រង្ស៊ី ជាប្រធានស្ដីទីសង្គ្រោះជាតិ។
សូមរំលឹកជូនថា កាលពីសប្ដាហ៍មុន សកម្មជនសង្គ្រោះជាតិម្នាក់នៅស្រុកស្អាង ខេត្តកណ្ដាល បានអះអាងថា ខ្លួនត្រូវបានសមត្ថកិច្ចកោះហៅទៅសាកសួរ ដោយសារការបង្ហោះវីដេអូគាំទ្រលោក សម រង្ស៊ី ជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ និងគាំទ្រស្មារតីនៃពាក្យស្លោក សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ។ លោក លី ម៉េងយៀង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានគូសបញ្ជាក់ថា ក្រោយការសាកសួរលោកអស់៤ម៉ោង លោកត្រូវបានសមត្ថកិច្ចតម្រូវឲ្យធ្វើកិច្ចសន្យាឈប់បង្ហោះវីដេអូឃ្លីបគាំទ្រគណបក្សសង្គ្រោះជាតិតទៅទៀត មុននឹងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕ ដោយ ៖ រចនា