ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសិក្ខាសាលាជាតិ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា សិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ ធ្វើឡើងរយៈពេលពីរថ្ងៃ ដែលបានចាប់ផ្តើមបើកកាលពីថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្ដេចក្រឡាហោម ស ខេង បានជំរុញឲ្យលេខាធិការដ្ឋាន គ.ជ.អ.ប និងអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវបន្ដសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពន្លឿនការរៀបចំ ការផ្ដល់សេវារដ្ឋបាល តាមប្រព័ន្ធព័ត៌មានវិទ្យា ឬប្រព័ន្ធស្វ័យប្រវត្តិកម្ម (អនឡាញ) ដែលធានាឲ្យបានការផ្ដល់សេវា កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការផ្ដល់សេវារដ្ឋបាល តាមរយៈយន្ដការការិយាល័យច្រកចេញចូលតែមួយ ដែលបានអនុវត្តនាពេលកន្លងមក ទោះបីមានចំណុចខ្វះខាតមួយចំនួន ក៏ទទួលបានលទ្ធផលវិជ្ជមាន និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបានទទួលនូវភាពពេញចិត្ត និងការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលជាអ្នកទទួល និងប្រើប្រាស់សេវា។
សម្ដេចក្រឡាហោម បានបន្ថែមទៀតថា ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យលេខាធិការដ្ឋាន គ.ជ.អ.ប អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកយន្ដការច្រកចេញចូលតែមួយនេះ ទៅរដ្ឋបាលស្រុក និងឃុំ សង្កាត់ដែលមិនទាន់មានយន្ដការនេះឲ្យបានឆាប់រហ័ស។
សម្ដេចក្រឡាហោម ស ខេង ការរៀបចំ និងដាក់ឲ្យដំណើរការយន្ដការច្រកចេញចូលតែមួយនេះ បានផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗ ជាច្រើនរួមមាន៖ ទី១៖ បានពង្រឹងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ចាត់ចែងការផ្ដល់សេវារដ្ឋបាលនានា ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ។ ទី២៖ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកទទួលយកសេវារដ្ឋបាលនៅកន្លែងតែមួយ ដែលងាយស្រួលរកឃើញ ព្រមទាំងមានការកំណត់ថេរវេលា និងតម្លៃនៃការផ្ដល់សេវានីមួយៗច្បាស់លាស់។ ទី៣៖ បង្កលក្ខណៈងាយស្រួលក្នុងការតាមដាន ត្រួតពិនិត្យរបស់ប្រជាពលរដ្ឋលើកិច្ចដំណើរការ នៃការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ និងទី៤៖ ពង្រឹងការប្រមូលចំណូលពីការផ្ដល់សេវារដ្ឋបាលទាំងនេះ ប្រកបដោយតម្លាភាព និងទប់ស្កាត់នូវអំពើពុករលួយ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បើទោះបីសេវាទាំងនេះត្រូវបានប្រមូលផ្ដុំមកផ្ដល់ ក្នុងអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានី-ខេត្តក៏ដោយ ក៏មន្ទីរជំនាញនីមួយៗនៅតែមានតួនាទីស្នួល ក្នុងការពិនិត្យ និងផ្ដល់យោបល់ផ្នែកបច្ចេកទេស លើការផ្ដល់សេវាទាំងនេះ ព្រមទាំងការតាមដាន និងត្រួតពិនិត្យលើការអនុវត្តការផ្ដល់សេវាទាំងនោះផងដែរ ៕ ដោយ ៖ បញ្ញាស័ក្តិ