ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា គណបក្សបានផ្តោតការយកចិត្តទុកដាក់ចំពោះស្ត្រី ហើយបាន និងកំពុងបន្តជំរុញការលើកកម្ពស់ការ ចូលរួមរបស់ស្ត្រីនៅគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាព ក្នុងការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ដើម្បីឲ្យការចូលរួមរបស់ស្ត្រីទៅក្នុងវិស័យនយោបាយ កិច្ចការសង្គម និងសេវាសាធារណៈមាន ការ កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងបរិមាណ និងគុណភាព ហើយឆ្លើយតបទៅនឹងការយកចិត្តទុកដាក់នេះ ស្ត្រីក៏ត្រូវខិតខំធ្វើយ៉ាងណាចូលរួមសហការ ផ្តួចផ្តើមគំនិត និងបំពេញភារកិច្ចដែលបក្ស ប្រគល់ជូនឲ្យបានជោគជ័យ តាមការរំពឹងទុក។
នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ លោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង៦០០នាក់ ដែលណិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោកស្រីកត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍លើកឡើងថា សមិទ្ធផលដ៏ធំធេងដែល គណបក្សប្រជាជនកម្ពុជា ទទួលបានក្នុងរយៈពេល៤០ឆ្នាំ មកនេះ គឺជាជ័យជម្នះរបស់យើងទាំងអស់គា្ន។ ជ័យជម្នះនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមចំ ណែករបស់បងប្អូននារី ទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បំពេញញការងារប្រកបដោយការទទួលខុសត្រូវ ថែមទាំងបានចំណាយធនធានផ្ទាល់ខ្លួនថែមទៀត ដើម្បីបុព្វហេតុប្រទេសជាតិយើង។ រយៈពេល៤០ឆ្នាំ កន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលដែលប្រកបដោយមោទនៈភាពផង និងដំណាក់កាលប្រកបដោយភាពលំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុត ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្តីក៏ គណ បក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺ ឈរជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរុញរាដើម្បីប្រទេសកម្ពុជាមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។
ជាមួយគ្នានោះដែរលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថាបងប្អូននារីទាំងអស់នឹងនៅបន្តរក្សានិងពង្រីកនូវស្មារតីស្នេហាជាតិ និងត្រូវចងចាំថា សន្តិភាពគឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើរការរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកប ដោយកិត្តិយសរបស់ប្រជាជនយើង។
លោកស្រី បានផ្សព្វផ្សាយអនុសាសន៍ទាំង ១១ចំណុច ដែលជាលទ្ធផលដែល បានមកពីសន្និបាត គណៈកម្មាធិការកណ្តាល លើកទី ៤១ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។ ជាពិសេស លោកស្រី ក៏បានសំណូមពរឲ្យបងប្អូនជានារីទាំងអស់ មេត្តាយកចិត្តទុក្ខដាក់បំផុតក្នុងការបម្រើ សេវាសាធារណៈឲ្យបានល្អ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕ ដោយ ៖ ស្រីនាថ