ភ្នំពេញ ៖ បើតាមផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៨ខែធ្នូនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជា អបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្ត្រនៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។
សម្តេចតេជោ បានមានប្រសាសន៍ថា វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់៕ ដោយ ៖ កូឡាប