ប្រទេសជប៉ុនកាលពីម្សិលមិញបានធ្វើការកាតទោសប្រហារជីវិតអ្នកទោស ២នាក់ដោយធ្វើការព្យួរកពួកគេ។ ក្នុងឆ្នាំ ២០១៨នេះ ជប៉ុនបានប្រហារជីវិតអ្នកទោសចំនួន ១៥នាក់ ដែលវាគឺជាតួលេខប្រចាំឆ្នាំដ៏ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០០៨មក។
អ្នកទោសដែលត្រូវគេប្រហារជីវិតកាលពីម្សិលមិញមានឈ្មោះថា Keizo Okamoto អាយុ ៦០ឆ្នាំ ជាអតីតសមាជិកជាន់ខ្ពស់របស់អង្គការចាត់តាំងឧក្រិដ្ឋកម្ម និងម្នាក់ទៀតឈ្មោះ Hiroya Suemori វ័យ ៦៧ឆ្នាំ ជាទីប្រឹក្សាវិនិយោគទុន។ ពួកគេទាំងពីអ្នក ត្រូវបានតុលាការកាត់ទោសប្រហារជីវិតកាលពីឆ្នាំ ២០០៤ ពីបទប្លន់សម្លាប់។
ពួកគេបានប្លន់ប្រាក់ចំនួន ៩០០.៨០០ដុល្លាពីនាយកក្រុមហ៊ុនប្រឹក្សាផ្នែកវិនិយោគទុនក្នុងឆ្នាំ ១៩៨៨ មុនពេលសម្លាប់គាត់ និងបុគ្គលិកម្នាក់ទៀត។ បន្ទាប់ពីបានសម្លាប់ជនរងគ្រោះទាំងពី ឃាតករទាំង ២នោះបានខ្ចប់សាកសពជនរងគ្រោះដាក់ក្នុងបេតុង។
រដ្ឋមន្ត្រីយុត្តិធ៌មជប៉ុនបានបញ្ជាក់ថា “វាគឺជាករណីឃោរឃៅរបំផុត ដែលពួកគេបានឆក់យកជីវិតដ៏មានតម្លៃរបស់ជនរងគ្រោះ ដោយសារមូលហេតុប្រយោជន៍ផ្ទាល់ខ្លួន”។
រដ្ឋមន្ត្រីយុត្តិធ៌មជប៉ុន Minister Takashi Yamashita បានចុះហត្ថលេខាបញ្ជាក់ឲ្យប្រហារជីវិតពួកគេនៅថ្ងៃអង្គារដើមសប្តាហ៍នេះ៕ សុភ័ក្ត្រ
ប្រភព៖ CNN