មនុស្សជាច្រើនបានរងរបួស ក្រោយការបន្ទុះគ្រាប់បែកមួយត្រូវបានសន្និដ្ឋានថា ជាករណីវាយប្រហារភេរវកម្មបានកើតឡើងនៅស្ថានីយ៍រថភ្លើងក្រោមដីកណ្តាលមជ្ឈមណ្ឌល Manhatan បុរីញូវយ៉ក (អាមេរិក) នៅថ្ងៃនេះ ។
តាម Telegraph ករណីផ្ទុះនេះបានកើតឡើងនៅស្ថានីយ៍រថភ្លើងក្រោមដីកៀកទីលានយុគ្គសម័យ វេលាម៉ោង ៧ និង ២៥ នាទីព្រឹកថ្ងៃទី១២ ខែធ្នូ នេះ ។ សមត្ថកិច្ចនៅតំបន់បានធ្វើការជម្លៀសមនុស្សភ្លាមៗចេញពីតំបន់នោះ ។
ABC News ដកស្រង់ព័ត៌មានពីប៉ូលីសក្រុងញូវយ៉ក ឲ្យដឹងថា ការផ្ទុះនេះបណ្តាលឲ្យមនុស្សយ៉ាងតិច ៣ នាក់ រងរបួស ។ ប៉ូលីសបានចាប់ខ្លួនជនល្មើស ហើយជាបឋមអះអាងថា នេះជាគ្រាប់បែកច្នៃ ។
ជនល្មើសត្រូវបានកំណត់អត្តសញ្ញាណ គឺជាបុរសអាយុ ២៧ ឆ្នាំ ឈ្មោះ Akayed Ullah ស្លៀកសម្លៀកបំពាក់មានខ្សែភ្លើងក្នុងខ្លួន ។ វាមានដើមកំណើតនៅ Bangladesh ហើយមករស់នៅអាមេរិក ៧ ឆ្នាំ មកហើយ ។
ប្រភពពី RT វិញ ឲ្យដឹងថា ប៉ូលីសបានសន្និដ្ឋានថា នេះជាការវាយប្រហារមួយទាក់ទិនដល់ភេរវកម្ម ។ ជនល្មើសជាអ្នកវាយប្រហារមិនអាជីព ហើយវារងឥទ្ធិពលពីព្រឹត្តិការណ៍ថ្មីៗនេះ ជុំវិញរឿង «Jerusalem» ។
ករណីនេះកើតឡើងក្រោយការវាយប្រហារដោយរថយន្តដឹកជញ្ជូន បើកបរដោយបុរសសញ្ជាតិអាមេរិកដើមកំណើត Uzbekistan ពុំបាន២ខែផង ដែលបណ្តាលឲ្យមនុស្សស្លាប់ ៨ នាក់ នៅបុរីញូវយ៉កនេះផងដែរ ៕ ដោយ៖ សូយន