Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ឃុំ​បឹង​ខ្យា​ង តវ៉ា​បិទផ្លូវ​មុខ​សាលាឃុំ មិន​ព្រម​ទទួលយក​ប្រាក់​គោលនយោបាយ​របស់​អាជ្ញា​ធរ​ខេត្តកណ្តាល ក្នុង​ជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍​

​កណ្តាល ​៖ ស្វាគមន៍​ដើមឆ្នាំ​២០១៩ ពលរដ្ឋ​ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាង​៨០​ភាគរយ ដែលមាន​វិវាទ​ដី​សហគមន៍​ដែល​ពួកគាត់​បាន​អាស្រ័យ​ផល​អស់​ច្រើ​ន​ជំនាន់​មក​ហើយ ផ្ទុះ​ការតវ៉ា​ជាថ្មី មិន​ព្រម​ទទួលយក​ប្រាក់​គោលនយោបាយ​ដែល​អាជ្ញាធរ​ខេត្តកណ្តាល​ផ្តល់ជូន​១០០​ដុល្លារ​ក្នុង​ម្នាក់ នៅតែ​រក្សា​គោលជំហរ​ការទាមទារ​ក្នុង​ម្នាក់​ចំនួន​២៥០​ដុល្លារ ។ ការតវ៉ា​នៅ​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ នៅមុខ​សាលាឃុំ​បឹង​ខ្យា​ង​។​

ការកេងប្រវ័ញ្ច​ក្នុង​លក្ខណ​:​ជា​ប្រព័ន្ធ នៅតែ​បន្ត​ពី​សំណាក់​ពួក​នាយទុន និង អ្នកកាន់អំណាច​។​ ​តំណាង​ពលរដ្ឋ​ថា អាជ្ញាធរ​ខេត្តកណ្ដាល បង្ខំ​ឲ្យ​ពួកគេ ផ្ដិតមេដៃ​សន្យា ទទួលយក​គោលនយោបាយ ប្ដូរ​ដី និង​ឈប់​តវ៉ា​។​

​តំណាង​ពលរដ្ឋ មាន​ជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់ អ្នកស្រី សៀង ចាន់​ហេង នៅ​ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ឲ្យ​ដឹងថា ពួកគាត់ ត្រូវបាន​អាជ្ញាធរ​ខេត្តកណ្ដាល បង្ខំ​ឲ្យ​ផ្ដិតមេដៃ ទទួលស្គាល់ថា ពួកគេ​ធ្វើ​សកម្មភាព​ញុះញង់​ពលរដ្ឋ​ប្រឆាំង​គោលនយោបាយ​ប្ដូរ​ដី​របស់​អាជ្ញាធរ​។ សង្គម​ស៊ីវិល​ឃ្លាំមើល​វិវាទ​ដីធ្លី ករណីនេះ ហៅ​សកម្មភាព​នេះ ជាការ​រំលោភសិទ្ធិ​ជា​មួលដ្ឋាន​របស់​ពលរដ្ឋ​។​

ក្រោយ​មាន​ពលរដ្ឋ​រាប់ពាន់នាក់ ទៅ​តវ៉ា​នៅ​សាលាឃុំ​បឹង​ខ្យា​ង កាលពី​ថ្ងៃទី​១​ធ្នូ ជំទាស់​នឹង​គោលនយោបាយ​ប្ដូរ​ដី​សហគមន៍ ជា​ថ្នូរ​នឹង​ម្នាក់​ទទួល​១០០​ដុល្លារ អាជ្ញាធរ​ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី​២៤ ធ្នូ បាន​កោះហៅ​តំណាង​ពលរដ្ឋ​២​នាក់ ទៅ​ប្រជុំ​នៅ​សាលា​ខេត្តកណ្ដាល និង​បានធ្វើ​កិច្ចសន្យា កំណត់ហេតុ​ប្រជុំ គំរាម​ឲ្យ​តំណាង​ពលរដ្ឋ​ទាំងពីរ​នាក់ ផ្ដិតមេដៃ​ទទួលស្គាល់ ហើយ​ទម្លាក់កំហុស​ថា តំណាង​ពលរដ្ឋ ជា​អ្នក​ញុះញង់​ឲ្យ​ពលរដ្ឋ​ឃុំ​បឹង​ខ្យា​ង ប្រឆាំងនឹង​គោលនយោបាយ​ប្ដូរ​ដី ដែល​អាជ្ញាធរ​កំណត់​។​

​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ របស់​អ្នកស្រី ឧកញ៉ា សៀង ចាន់​ហេង បានកើត​ឡើង​នៅ​អំឡុង​ឆ្នាំ​២០០៨​។ ដី មាន​ជម្លោះ ជា​ប្រភេទ​ដី​សហគមន៍ ដែល​ពលរដ្ឋ​តែង​នាំគ្នា អាស្រ័យ​ផល តាម​លក្ខណៈ​គ្រួសារ និង​ត​ជំនាន់​ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់ ហើយ​ផ្ទៃដី​មាន​ជម្លោះ យ៉ាងហោចណាស់ មាន​ទំហំ​ជាង ៤០០​ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន​៤ គឺ ឃុំ​អំពៅព្រៃ ឃុំ​បឹង​ខ្យា​ង ឃុំ​ក​ណ្ដោ​ក និង​ឃុំ​ព្រែកស្លែង​។ ច្រើន​ឆ្នាំ​មកនេះ ពលរដ្ឋ​អះអាងថា បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​តាម​ស្ថាប័នរដ្ឋ ជាច្រើន​ស្ថាប័ន ទាមទារ​ដី​នោះ មក​រក្សា​ជា​ដី​រដ្ឋ​ដដែល ដើម្បី​ពលរដ្ឋ​អាច​អាស្រ័យ​ផល ប៉ុន្តែ​មិនមាន​ដំណោះស្រាយ​ទេ គឺ​មានតែ​អាជ្ញាធរ​ជួយ​លូកដៃ ជ្រោមជ្រែង​ក្រុមហ៊ុន បង្ខំ​ឲ្យ​ពលរដ្ឋ​ព្រម​ទទួលយក​ប្រាក់​ក្នុងតម្លៃ​ទាប តាមរយៈ​គោលនយោបាយ​អាជ្ញាធរ​។​

​កាលពី​ថ្ងៃទី​១២ ធ្នូ អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិ​រុណ បាន​ប្រជុំ​ជាមួយ​ក្រុម​អ្នកតំណាង​ពលរដ្ឋ​ទាំង​៦​ភូមិ ដើម្បី​ផ្ដល់ជូន​គោលនយោបាយ​ម្នាក់ ១០០​ដុល្លារ ហើយ​ពលរដ្ឋ​អាច​ទៅ​ទទួលយក​លុយ​នៅ​សាលាឃុំ​បឹង​ខ្យា​ង រយៈពេល​១១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី​៣១ ធ្នូ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី ២០ ធ្នូ ក្រុម​ពលរដ្ឋ​រាប់ពាន់នាក់ បាន​ប្រមូល​ផ្ដុំគ្នា នៅ​សាលាឃុំ ដើម្បី​ប្រឆាំងនឹង​គោលនយោបាយ​នោះ ដោយ​ពលរដ្ឋ​ទាមទារ​ម្នាក់ ២៥០​ដុល្លារ ឲ្យ​បាន​ប្រហាក់ប្រហែល​នឹង​ពលរដ្ឋ​នៅ​ឃុំ​ព្រែកស្លែង​។​

​ក្នុង​កិច្ចសន្យា ដែល​តំណាង​ពលរដ្ឋ អះអាងថា អាជ្ញាធរ​បង្ខំ​ឲ្យ​ផ្ដិតមេដៃ អាជ្ញាធរ​ខេត្តកណ្ដាល បាន​បង្គាប់​ឲ្យ​តំណាង​ពលរដ្ឋ​ទាំងពីរ​នាក់ បញ្ឈប់​សកម្មភាព​ប្រមូលផ្ដុំ​តវ៉ា រារាំង បង្ក​ការលំបាក ឬ ញុះញង់​ពលរដ្ឋ មិន​ឲ្យ​ទៅ​ទទួលយក​គោលនយោបាយ​១០០​ដុល្លារ ក្នុង​ម្នាក់​បន្តទៀត និង​ត្រូវ​បញ្ឈប់​ការបញ្ចេញមតិ​តាម​វីដេអូ​ឃ្លី​ប ការបញ្ចេញមតិ​តាម​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។ តំណាង​ពលរដ្ឋ លោក សុន ខេមរា ក៏បាន​អះអាងថា អាជ្ញាធរ បានដាក់​កំហិត​ថា ក្នុងករណី ពួកគេ​មិនអាច​នាំ​ក្រុមហ៊ុន​ណា ដែល​ហ៊ាន​ផ្ដល់ជូន​គោលនយោបាយ​២៥០​ដុល្លារ ទៅ​ជួប​អភិបាលខេត្ត​កណ្ដាល​បាន តំណាង​ទាំងពីរ​នាក់ គឺ លោក សុន ខេមរា និង លោក អ៊ឹម តារា ត្រូវ​ដឹកនាំ​ពលរដ្ឋ​នៅ​ឃុំ​បឹង​ខ្យា​ង​ទាំងអស់​ទៅ​ទទួលយក​គោលនយោបាយ​១០០​ដុល្លារ តាម​ការកំណត់​របស់​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​រដ្ឋបាល​ខេត្តកណ្ដាល​។​

​តំណាង​ពលរដ្ឋ ថា ឃុំ​បឹង​ខ្យា​ង មាន​ពលរដ្ឋ​ចំនួន ១.៨៤៩ គ្រួសារ ស្មើនឹង​៨.៣៩៥​នាក់​។ កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​សាលាខេត្ត​កណ្ដាល បង្ហាញថា រយៈពេល​៥ ថ្ងៃ​ដំបូង (២០ ដល់​២៤ ធ្នូ​) នៃ​ការផ្ដល់​គោលនយោបាយ​១០០​ដុល្លារ ក្នុង​ម្នាក់ មានតែ​ពលរដ្ឋ​ចំនួន ៤៤៨​គ្រួសារ ស្មើនឹង​១.៩១៣​នាក់ ដែល​បាន​ទៅ​ទទួលយក​គោលនយោបាយ​នេះ ហើយ​នៅសល់​ពលរដ្ឋ​ជាច្រើន​លើសលុប មិនទាន់​ទៅ​ទទួលយក​។​

​លោក សុន ខេមរា ថា អ្នក​ដែល​ទៅ​ទទួលយក គឺ​សុទ្ធសឹងតែ​ជា​ក្រុមគ្រួសារ​របស់​អាជ្ញាធរ​​ភូមិ ឃុំ ប្រជា​ការពារ​ភូមិ និង មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សុន ខេមរា អះអាងថា បច្ចុប្បន្ន​ប្រជា​ការពារ​ភូមិ មេភូមិ និង​អាជ្ញាធរ ឃុំ​ធ្វើការ​ទាំង​ពេលយប់ ដើម្បី​ដើរ​បញ្ចុះបញ្ចូល ខ្សឹប គំរាម និង​មក​ដឹក​ពលរដ្ឋ ទាំងយប់ ឲ្យ​ទៅ​ទទួល​លុយ​គោលនយោបាយ ១០០​ដុល្លារ នៅ​សាលាឃុំ​។​

​តំណាង​ពលរដ្ឋ​នៅ​ឃុំ​បឹង​ខ្យា​ង អះអាងថា ពួកគេ​មិន​ភ័យ​តក់ស្លុត​ទេ ចំពោះ​ការ​គំរាម ឲ្យ​ផ្ដិតមេដៃ និងបញ្ឈប់​​សកម្មភាព​តវ៉ា នឹង​គោលនយោបាយ​ប្ដូរ​ដី​សហគមន៍​។ តំណាង​ពលរដ្ឋ ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់សកម្មភាព​​នេះ​ទៀត ហើយ​ងាក​មករក​ការចរចា​គ្នា ដោយ​ត្រឹមត្រូវ ព្រោះ​ពលរដ្ឋ​ចង់បាន​គោលនយោបាយ​តិច​បំផុត ម្នាក់​២៥០​ដុល្លារ ឬ ទុក​ដី​មាន​ជម្លោះ​នោះ ឲ្យ​សហគមន៍​អាស្រ័យ​ផល​បន្តទៀត​។​

​ជាមួយនឹង​បង្ខំ ឲ្យ​ពលរដ្ឋ ទទួលយក​គោលនយោបាយ​១០០​ដុល្លារ ទាំង​ពលរដ្ឋ​មិន​ពេញចិត្ត​ទៀត​នេះ ប្រជាពលរដ្ឋ​បាន​លើក​ការតវ៉ា ទ្រង់ទ្រាយ​ធំ​នៅមុខ​សាលាឃុំ​បឹង​ខ្យា​ង​ប្រមាណ​៥​នាទី នៅ​ព្រឹក​នេះ ហើយក៏​មានការ​សម្រប​ស្រួល​ពី​អាជ្ញាធរ​ឃុំ ទើប​ពួកគាត់​យល់​រំសាយ​ទៅផ្ទះ ហើយ​តំណាង​ចូល​ចរចា​ជាថ្មី​ម្តងទៀត​៕ ដោយ​៖​ រចនា

×