ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើការព្រមានថា ការបិទរដ្ឋាភិបាលអាមេរិចអាចនឹងមាន រយៈពេលវែង ខណៈដែលលោកនៅតែរក្សាជំហរក្នុងការទាមទារថវិការាប់ពាន់លានដុល្លារ ដើម្បីធ្វើការចំណាយទៅលើការកសាងជញ្ជាំងព្រំដែនជាមួយនឹងប្រទេស មិចស៊ិចកូ។
មកដល់ពេលនេះ រដ្ឋាភិបាលអាមេរិចលែងបានដំណើរការអស់រយៈពេល ១២ថ្ងៃមកហើយ។
មួយថ្ងៃមុនពេលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភា លោកត្រាំមិនបានបង្ហាញពីសញ្ញាណាមួយឡើយ ក្នុងការដកថយចេញពីការទាមទារចង់បានថវិការចំនួន ៥,៦ពាន់លានដុល្លារ ដើម្បីចំណាយលើជញ្ជាំងព្រំដែន។
លោកថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “នេះគឺជាបញ្ហាសន្តិសុខជាតិដែលពួកយើងកំពុងពិភាក្សា។ វាគឺមានសារៈសំខាន់ខ្លាំងណាស់ដែលត្រូវដកថយចេញ”។
លោកត្រាំក៏បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរក្សាជំហរទោះយូរប៉ុណ្ណោះ ដើម្បីទាមទារថវិកាពីសភា។
លោកបន្តថា “ខ្ញុំគិតថា ប្រជាជននៃប្រទេសនេះគិតថាអ្វីដែលខ្ញុំធ្វើគឺត្រឹមត្រូវ។ វាអាចអូសបន្លាយពេលយូរ មិនពេលរដ្ឋាភិបាលដំណើរការឡើងវិញសារជាថ្មី”។
លោក ត្រាំ មានគំរោងពិភាក្សាជាមួយនឹងតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យគឺលោក Nancy Pelosi និង Chuck Schumer ក្នុងគោលបំណងដើម្បីបំបែកភាពទាល់ច្រក៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia