មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់ប្រទេសកូរ៉េខាងជើង កំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសអ៊ីតាលី។ នេះគឺជាការផ្តាច់ខ្លួនម្នាក់ទៀតរបស់មន្ត្រីជាន់ខ្ពស់របស់របបព្យុងយ៉ាង។
Jo Song Gil ដែលជាឯកអគ្គរដ្ឋទូតស្តីទីប្រចាំទីក្រុងរ៉ូម (អ៊ីតាលី) បានដាក់ពាក្យសុំជ្រកកោន ជាមួយនឹងគ្រួសាររបស់គាត់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង Joong Ang ដែលបានដកស្រង់ពីប្រភពការទូតក្នុងទីក្រុងសេអ៊ូល។
សារពត៌មានដដែលបញ្ជាក់ទៀតថា គាត់បានសុំសិទ្ធិជ្រកកោនកាលពីខែមុន។
ចំពោះបញ្ហានេះដែរ អាជ្ញាធរអ៊ីតាលីកំពុងតែពិបាកសម្រេចចិត្តក្នុងការធ្វើរឿងនេះ។ នេះបើតាមប្រភពដកស្រង់សម្តីមន្ត្រីអ៊ីតាលីម្នាក់ ប៉ុន្តែគាត់បានបញ្ជាក់ថា អាជ្ញាធរកំពុងការពារគាត់នៅកន្លែងមានសុវត្ថិភាព។
សូមបញ្ជាក់ថា លោក Jo Song Gil អាយុ ៤៨ឆ្នាំ បានធ្វើជាឯកអគ្គរដ្ឋទូតស្តីទី របស់កូរ៉េខាងជើងប្រចាំទីក្រុងរ៉ូម ចាប់តាំងពីខែតុលា ឆ្នាំ ២០១៧ មកម្លេះ ក្រោយពេលប្រទេសអ៊ីតាលីបានបណ្តេញឯកអគ្គរដ្ឋទូតកូរ៉េខាងជើង Mun Jong Nam ដែលការបណ្តេញនោះគឺជាការតវ៉ាប្រឆាំងទៅនឹងការបាញ់សាកល្បងនុយក្លេអ៊ែរដោយកូរ៉េខាងជើង៕ សុភ័ក្ត្រ
ប្រភព៖ channelnewsasia