ភ្ញៀវទេសចររាប់ពាន់បានកំពុងភៀសខ្លួនចេញពីកោះជាច្រើនស្ថិតក្នុងប្រទេសថៃ មុនពេលខ្យល់ព្យុះ Pabuk បោកបក់មកលើកោះទាំងនោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីថៃថ្លែងប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ខ្យល់ព្យុះត្រូពិច Pabuk ត្រូវគេព្យាករណ៍ថានឹងធ្វើដំណើរមកដល់ប្រជុំកោះ Chumphon នៅវេលាម៉ោង ៧យប់ថ្ងៃសុក្រនេះ ខណៈភ្លៀងធ្លាក់ខ្លាំងកំពុងបន្ត។
ខ្យល់ព្យុះដ៏មានឥទ្ធិពលនោះ នឹងធ្វើដំណើរបោកបក់លើតំបន់ទេសចរណ៍ដ៏ល្បីជាច្រើនស្ថិតនៅឈូងសមុទ្រថៃ មានដូចជាកោះសាម៊ុយ កោះផាងហ្គាន និងកោះតៅជាដើម។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ ឈ្មោះ Putthipong Punnakanta បានថ្លែងប្រាប់ CNN តាមទូរស័ព្ទដូច្នេះថា “អាជ្ញាធរកំពុងប្រមូលផ្តុំចំនួនអ្នករត់ភៀសខ្លួន”។
គាត់បន្ថែមថា នេះគឺជារដូវកំសាន្ត ហើយមានអ្នកទេសចរបរទេសជាច្រើននៅតំបន់ទេសចរណ៍មានប្រជាប្រិយភាព។ ពួកយើងបានផ្តល់ពត៌មានដល់ពួកគេ ២ថ្ងៃមុនមក ហើយខ្ញុំអាចនិយាយបានថា ពួកគេបានចាកចេញពីកោះ និងបានត្រឡប់ទៅកាន់ដីគោករួចរាល់ហើយ៕ សុភ័ក្ត្រ
ប្រភព៖ CNN