ប្រធានាធិបតិអាមេរិច ដូណាល់ ត្រាំ បានប្រកាសថា គាត់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការមិនដំណើរការរបស់រដ្ឋាភិបាលជាច្រើនឆ្នាំទៅមុខទៀត។ រដ្ឋាភិបាលអាមេរិចបច្ចុប្បន្ន មិនដំណើរការអស់រយៈពេល ៣សប្តាហ៍មកហើយ ដោយសារតែមានការមិនព្រមព្រៀងគ្នាលើថវិការសម្រាប់សាងសង់ជញ្ជាំងព្រំដែនរបស់លោក ត្រាំ។
ក្រោយពេលជួបជាមួយនឹងមនុស្សសំខាន់ៗមកពីគណបក្សប្រជាធិបតេយ្យ លោកត្រាំនិយាយថា គាត់អាចនឹងប្រកាសគ្រោះអាសន្នជាតិ ដោយមិនចាំបាច់ឆ្លងកាត់សភា រួចនឹងធ្វើការសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិច និងមិចស៊ិចកូ។
លោក ត្រាំ ទាមទារថា គាត់នឹងមិនធ្វើការចុះហត្ថលេខាលើច្បាប់ថវិការណាមួយឡើយប្រសិនជាគ្មានថវិការចំណាយលើការកសាងជញ្ជាំង ដែលគណបក្សប្រជាធិបតេយ្យជំទាស់យ៉ាងខ្លាំង។
កម្មករចំនួន ៨សែននាក់ដែលធ្វើការងារនោះមិនទាន់បានទទួលប្រាក់ខែចាប់តាំងពីថ្ងៃទី ២២ ខែធ្នូមកម្លេះ។
លោកត្រាំ បានបញ្ជាក់ថា កិច្ចប្រជុំកាលពីថ្ងៃសុក្រម្សិលមិញជាមួយនឹងមន្ត្រីគណបក្សប្រជាធិបតេយ្យនៅសេតវិមាន ទទួលបានផលល្អ។ ប៉ុន្តែគាត់បានទទួលស្គាល់ថា គាត់បានធ្វើការគំរាមបិទរដ្ឋាភិបាលជាច្រើនឆ្នាំទៅមុខទៀត ប្រសិនជាចាំបាច់។
លោកថ្លែងប្រាប់អ្នកសារពត៌មានដូច្នេះថា “ខ្ញុំពិតជាបាននិយាយមែន។ ខ្ញុំមិនគិតថាវាកើតឡើងនោះទេ ប៉ុន្តែខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ”។
“ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ចំពោះអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំមិនហៅវាថាជាការបិទនោះទេ តែខ្ញុំហៅវាថាជាអ្វីដែលអ្នកត្រូវធ្វើដើម្បីផលប្រយោជន៍ និងសុវត្ថិភាពរបស់ប្រទេសយើង”។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិចមានសិទ្ធិអំណាចប្រកាសប្រទេសស្ថិតក្នុងភាពអាសន្ន ហើយរាល់ការអនុម័យផ្សេងៗមិនចាំបាច់ឆ្លងកាត់សភាឡើង។ លោកត្រាំបញ្ជាក់ថា គាត់អាចនឹងប្រកាសប្រទេសក្នុងគ្រោះអាសន្ន ដើម្បីវាងសភា ហើយអាចអនុម័តថវិការសម្រាប់សាងសង់ជញ្ជាំងព្រំដែនបាន ដែលនោះជាការសន្យារបស់លោកក្នុងការធ្វើយុទ្ធធនាការបោះឆ្នោតកន្លងទៅ៕ សុភ័ក្ត្រ
ប្រភព៖ BBC