មនុស្សចំនួនយ៉ាងតិច ៣០នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានហេតុការណ៍បាក់អណ្តូងរ៉ែមាស នៅក្នុងប្រទេសអាហ្គានីស្ថាន។
បើតាមការបញ្ជាក់របស់មន្ត្រីអាហ្គានីស្ថានបានឲ្យដឹងថា ការបាក់អណ្តូងនោះកើតឡើងក្នុងស្រុក Kohistan ស្ថិតក្នុងខេត្ត Badakhshan។
អ្នកភូមិនៅតំបន់នោះ ត្រូវបានគេរាយការណ៍ថាបានជីកដីជម្រៅ ៦០ម៉ែត្រចុះទៅខាងក្រោម និងបានប្រើសសរតូចៗកលបណ្តោះអាសន្ន ដើម្បីរករ៉ែមាស ប៉ុន្តែវាក៏បានបាក់រលំ។
ពួកគេបានប្រើប្រាស់អ៊ិចស្កាវេទ័រនៅអណ្តូងរ៉ែ នៅពេលអណ្តូងនោះបានបាក់រលំ។ មនុស្សចំនួន ៧នាក់ផងដែរបានរបួសក្នុងហេតុការណ៍នោះ។
អភិបាលស្រុកឈ្មោះ Rostam Raghi បានថ្លែងប្រាប់ BBC នៅក្នុងអាហ្គានីស្ថានថា ប្រជាជននៅតំបន់នោះបានប្រញាប់ទៅកាន់កន្លែងកើតហេតុ ហើយពួកគេជួយបានកម្មករចំនួន ១៣នាក់ប៉ុណ្ណោះ។ ជនរងគ្រោះដែលស្លាប់ ក៏មានក្មេងៗជាច្រើនផងដែរ។
អ្នកនាំពាក្យរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងប្រាប់ភ្នាក់ងារសារពត៌មាន AFP ថា គ្រួសារជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នោះ ទទួលបានសំណងចំនួន ៦៦០ដុល្លាក្នុងម្នាក់ៗ ។
សូមបញ្ជាក់ថា ជនជាតិរ៉ែនៅក្នុងប្រទេសអាហ្គានីស្ថាននៅមានច្រើនសន្ធឹកសន្ធាប់ និងមិនទាន់មានការបូបយកដោយសារតែបញ្ហាជំលោះជាមួយនឹងក្រុមតាលីបង់ ៕ សុភ័ក្ត្រ
ប្រភព៖ BBC