ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បាននិយាយថា ទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំកូរ៉េខាងជើង កំពុងតែត្រូវចរចារគ្នា។
លោក ថ្លែងប្រាប់អ្នកសារពត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនថា កិច្ចចរចារដ៏ល្អកំពុងតែចាប់ផ្តើមជាមួយនឹងកូរ៉េខាងជើងហើយ ប៉ុន្តែទណ្ឌកម្មលើរបបព្យុងយ៉ាងនៅតែមានដដែល។
លោក ត្រាំ និងគីម ជុងអ៊ុនធ្លាប់បានធ្វើកិច្ចប្រជុំកំពូលម្តងរួចហើយ កាលពីខែមិថុនា ឆ្នាំមុន នៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែរហូតមកដល់ឆ្នាំថ្មីនេះ គោលបំណងធំរបស់អាមេរិចមិនទាន់សម្រេចបាននៅឡើយទេ នោះគឺការលុបបំបាត់វុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក ត្រាំ ក៏បានបញ្ជាក់កាលពីថ្ងៃអាទិត្យមុនផងដែរថា គាត់ទទួលបានសំបុត្រពីលោក គីម ជុងអ៊ុន ទោះយ៉ាងណាលោកមិនបានបញ្ជាក់ពីអត្ថន័យក្នុងសំបុត្រនោះទេ។
លោក ត្រាំថ្លែងប្រាប់អ្នកសារពត៌មាននៅថ្ងៃអាទិត្យម្សិលមិញថា “ពួកយើងកំពុងចរចារគ្នាពីទីកន្លែង។ វានឹងត្រូវប្រកាសនៅពេលខាងមុខដ៏ខ្លី។ ពួកគេ (កូរ៉េខាងជើង) ចង់ជួបគ្នា ហើយយើងចង់ជួបគ្នា ដូច្នេះពួកយើងនឹងឃើញអ្វីកើតឡើង”។
គាត់បន្ថែមថា “អាមេរិចធ្លាប់មានកិច្ចចរចារដ៏ល្អជាមួយនឹងកូរ៉េខាងជើង”។ “ទោះយ៉ាងណា ទណ្ឌកម្មរបស់អាមេរិចនៅតែមានទាំងស្រុងដដែល រហូតដល់អាមេរិចមើលឃើញពីលទ្ធផលវិជ្ជមាន”។
សូមរំលឹកថា កាលពីកិច្ចប្រជុំកំពូលខែមិថុនាឆ្នាំមុន មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីឈានទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែរចោលនៅលើឧបទ្វីប៕ សុភ័ក្ត្រ
ប្រភព៖ BBC