មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសចិន តាមរយៈការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសទាំងពីរបានបញ្ជាក់។
គីម ជុងអ៊ុននឹងទស្សនៈកិច្ចនៅប្រទេសចិនជាមួយប្រពន្ធឈ្មោះ Ri Sol-ju រហូតដល់ថ្ងៃទី ១០ មករានេះ។
ការធ្វើដំណើរទៅកាន់ចិននេះ កើតឡើងក្រោយពេលមានការចុះផ្សាយថា អាមេរិច និងកូរ៉េខាងជើងកំពុងចរចារគ្នារកទីកន្លែងធ្វើកិច្ចប្រជុំកំពូលសម្រាប់មេដឹកនាំទាំងពីរ ក្រោយពេលធ្លាប់បានជួបគ្នាម្តងរួចមកហើយកាលពីខែមិថុនា ឆ្នាំមុន។
នេះគឺជាការធ្វើដំណើរទស្សនៈកិច្ចលើកទី ៤របស់មេដឹកនាំផ្តាច់ការរូបនេះទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តតែមួយរបស់ខ្លួន។ ក្នុងដំណើរទស្សនៈកិច្ចនោះមានមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបបានអមដំណើរ គីម ជុងអ៊ុន។
វត្តមានរបស់ គីម ជុងអ៊ុនទៅកាន់ប្រទេសចិនបែបនេះ ត្រូវបានគេព្យាករណ៍ថា កិច្ចប្រជុំកំពូលលើកទី ២រវាងមេដឹកនាំអាមេរិច និងកូរ៉េខាងជើងអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
កាលពីដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បាននិយាយថា ទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងនឹងត្រូវប្រកាសក្នុងពេលដ៏ខ្លីខាងមុខ៕ សុភ័ក្ត្រ
ប្រភពៈ BBC