ខេត្តព្រះសីហនុ៖ នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិនចំនួន ៣គ្រឿង បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ច រយៈពេល ៤ថ្ងៃនៅកម្ពុជា។
ទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ដើម្បីរិតចំណងមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជា។
ការមកដល់របស់នាវាចម្បាំងចិនកាលពីព្រឹកមិញនេះ លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានដឹកនាំនាយនាវីចំនួន ៦៥រូប អញ្ជើញចូលរួមទទួលស្វាគមន៍ ប្រតិភូកងនាវា កងកម្លាំងពិសេសលេខ៥៣៩ នៃកងទ័ពជើងទឹករំដោះប្រជាជនចិន ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោក រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានឲ្យដឹងថា នាវាកងទ័ពរំដោះប្រជាជនចិន ទាំង៣គ្រឿង នោះ មានកងនាវិកសរុបចំនួន៦៩៥នាក់ ដឹកនាំដោយ ឧត្តមនាវីទោ Xu Hai Hua នាយរងសេនាធិការកងនាវាតំបន់សមុទ្រខាងជើង នៃកងទព័រំដោះប្រជាជនចិន។
លោកថា នាវាចម្បាំងទាំង៣គ្រឿងមានឈ្មោះ៖ នាវាទីមួយ ឈ្មោះ PLANS WUHU (FFG 539 )មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន។ នាវាទីពីរ ឈ្មោះ PLANS HANDAN (FFG 579) មានបណ្តោយ ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន និងនាវាទីបី ឈ្មោះ PLANS DONG PING LAKE (AOR 960) បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅទឹក១០ម៉ែត្រ ទម្ងន់ផ្ទុកជាងពីរម៉ឺនតោន។
តាមកម្មវិធី នៅក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការ រយៈពេល ៤ថ្ងៃ របស់នាវាចម្បាំងចិន នៅកម្ពុជា មេបញ្ជាការកងទ័ពជើងទឹកចិន ក៏នឹងមានជំនួបសម្តែងការគួរសម ពីមេបញ្ជាការនាវាចិន ជាមួយថ្នាក់ដឹក នាំខេត្តព្រះសីហនុ។ ជំនួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំកងទព័ជើងទឹកកម្ពុជា។ ការប្រកួត កីឡាជាមិត្តភាព រវាងក្រុមនាវិកកងនាវាចិន និងក្រុមនាវិកកងទ័ពជើងទឹកកម្ពុជា នៅក្នុងមូលដ្ឋាន សមុទ្រ(រាម) ព្រមទាំងមានការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងកងទ័ពជើងទឹកទាំង ពីរប្រទេសកម្ពុជា-ចិនផងដែរ៕ ដោយ ៖ ដែនសីមា