បន្ទាប់ពីមានដំណើរទស្សនៈកិច្ចគួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិន ពេលនេះមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញហើយ ដោយមានការគាំទ្រពីប្រធានាធិបតីចិន សម្រាប់ជំនួបកំពូលជាមួយនឹងមេដឹកនាំអាមេរិច។
គីម ជុងអ៊ុន និងដូណាល់ ត្រាំធ្លាប់បានជួបគ្នាម្តងរួចមកហើយកាលពីខែមិថុនា ឆ្នាំមុន ប៉ុន្តែកិច្ចចរចារលើការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងមិនរីកចម្រើនទៅមុខសោះ។
ប្រធានាធិបតីចិន ស៊ី ជីនពីងបានថ្លែងដោយក្តីសង្ឃឹមថា មេដឹកនាំទាំងពីររកចំនុចព្រមព្រៀងគ្នាឃើញ។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារសារពត៌មានចិន Xinhua។
ស៊ី ជីនពីងថ្លែងថា ចិនគាំទ្រកូរ៉េខាងជើង និងអាមេរិចឲ្យធ្វើកិច្ចប្រជុំកំពូល និងសម្រេចបានលទ្ធផល ហើយចិនគាំទ្រភាគីពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយបញ្ហាកង្វល់របស់ពួកគេតាមរយៈការសន្ទនា។
លោក ស៊ី ក៏បានបញ្ជាក់ផងដែរថា ចិនត្រៀមខ្លួនរួចរាល់ក្នុងការដើរតួនាទីវិជ្ជមានឆ្ពោះទៅកាន់ការរក្សាសន្តិភាព និងការសម្រេចបានការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីប។
ចិនគឺជាសម្ព័ន្ធមិត្ត និងដៃគូជំនួញតែមួយគត់របស់ប្រទេសកូរ៉េខាងជើង។
លោក ដូណាល់ ត្រាំធ្លាប់បានប្រកាសកាលពីពេលថ្មីៗនេះថា ជំនួបកំពូលរវាងអាមេរិច និងកូរ៉េខាងជើងនឹងកើតឡើងឆាប់ៗក្នុងពេលដ៏ខ្លីខាងមុខ ខណៈភាគីទាំងពីរកំពុងចរចារពីទីកន្លែងសម្រាប់ធ្វើជំនួបកំពូលនោះ៕ សុភ័ក្ត្រ
ប្រភព៖ BBC