ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃព្រហស្បតិ៍០៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកចន្ទ្រា។
ពិធីនេះបានប្រព្រឹត្តទៅនាសាលប្រជុំសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននានា ក្នុងខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំងគ្រប់ផ្នែកចូលរួមយ៉ាងច្រើនកុះករផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់គណៈអភិបាលស្រុក អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១- ត្រូវរួមគ្នាពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ បែងចែកតួនាទីភារកិច្ចក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
២- ថែរក្សាការពារ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។
៣- ចូលរួមសហការការពារដំណើរការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើស លួច ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។
៤- គ្រប់គ្រង និងណែនាំស្មៀនឃុំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក អនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន។
៥- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណភាព អនាម័យបរិស្ថាននៅទីប្រជុំជនស្រុក ឲ្យបានត្រឹមត្រូវ។
៦- ខិតខំបង្រួមទំនាស់ និងពង្រីកការដោះស្រាយនូវរាល់ទំនាស់ផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានរបស់ស្រុក។
៧- បន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ឲ្យបានល្អស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៨- បន្តទប់ស្កាត់ និចាត់វិធានការឲ្យបានម៉ឺងម៉ាត់ នូវរាល់សកម្មភាពរំលោភដីចំណីផ្លូវ ចំណីទន្លេ ព្រែក និងទ្រព្យសម្បត្តិសាធារណៈផ្សេងទៀត ទន្ទឹមនេះក្នុងនាមជាមន្ត្រីសាធារណៈ ក៏ត្រូវជៀសវាងឲ្យបាននូវរាល់សកម្មភាព ដែលបង្កឲ្យមានការថ្នាំងថ្នាក់ផ្សេងៗផងដែរ។
+យោងប្រកាសលេខ៨០០៥ ប្រ.ក របស់ក្រសួងមហាផ្ទៃ
– ត្រូវបានតែងតាំងលោកស្រី សំ ថាវី ឋានន្តរស័ក្កិគ្រូបង្រៀនកម្រិតដើមខ្សែពិសេស ថ្នាក់លេខ៦ឲ្យកាន់មុខតំណែងជាអភិបាលរង ស្រុកចន្ទ្រាខេត្តស្វាយរៀង៕ ដោយ ៖ វ៉ៃគោ