ភ្នំពេញ ៖ អ្នកសារព័ត៌មាន ចំនួន៣៨រូប មកពីស្ថាប័នផ្សេងគ្នា បានរួមគ្នាចេញលិខិតចំហមួយច្បាប់ ដោយបានអំពាវនាវជាថ្មីដល់តុលាការ គ្រប់លំដាប់ថ្នាក់ ឲ្យបញ្ចប់ការដាក់ឲ្យស្ថិតនៅក្រោម ការតាមដានរបស់តុលាការ លើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន។ ការអំពាវនាវនេះ ធ្វើឡើងមុនមួយថ្ងៃ ដែលអ្នកសារព័ត៌មានទូទាំងប្រទេសនឹងត្រូវជួបសំណេះសំណាលជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃស្អែកទី១១មករា នៅកោះពេជ្រ។
យោងតាមផេកហ្វេសប៊ុកឈ្មោះ ដោះលែងអ្នកកាសែត នៅថ្ងៃទី១០ខែមករាឆ្នាំ២០១៩ បានឲ្យដឹងថា “យើងខ្ញុំជាអ្នសារព័ត៌មាន ដែលកំពុងបំពេញការងារនៅកម្ពុជា សូមអំពាវនាវជាថ្មី ដល់តុលាការគ្រប់លំដាប់ថ្នាក់ បញ្ចប់ការដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ព្រមទាំងទម្លាក់ចោលទាំងស្រុងនូវការចោទប្រកាន់លើពួកគេ”។
ជាមួយគ្នានោះដែរ អ្នកកាសែតម្នាក់គឺកញ្ញា កាន់ វិច្ឆិកា ដែលកំពុងបម្រើការងារឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នៅថ្ងៃទីនេះបានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “អ្នកសារព័ត៌មាន គ្រាន់តែរាយការណ៍ព័ត៌មាន ឲ្យអ្នកបានដឹងប៉ុណ្ណោះ បើអ្នកចង់ដឹងឬមិនចង់ដឹង គឺជារឿងរបស់អ្នក តែការចោទប្រកាន់ ឬការធ្វើទុក្ខបុកម្នេញ លើអ្នកសារព័ត៌មាន មិនមែនជាការឆ្លើយតបល្អប្រសើរទេ។ល្មមដល់ពេលទម្លាក់ បទចោទ លើពួកគាត់ហើយ សម្តេចក៏កំពុងបើក ឲ្យអាស៊ីសេរី មានការិយាល័យវិញដែរ អញ្ចឹងគ្មានហេតុផលអីដែលត្រូវបន្តចោទប្រកាន់ពួកគាត់ទេ”។
ចំណែកលោក ជា ធីរិទ្ធ ជាអ្នកសារព័ត៌មានប្រចាំទូរទស្សន៍ Nice TV ក៏បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងថ្ងៃនេះដែរថា “ពួកគាត់ចេញពីគុកមែន តែពិបាករកការងារធ្វើ ដើម្បីចិញ្ចឹមជីវិត និង គ្រួសារ ព្រោះស្ថិតនៅក្រោមការតាមដានរបស់តុលាការ។ សង្ឃឹមថា បងទាំងពីរ ដែលជាអតីតអ្នកកាសែត នឹងទទួលបានសេរីភាព ពេញលេញនៅពេលខាងមុខ”។
សូមបញ្ជាក់ថា បើយោងតាមអង្គការអាដហុក (ADHOC-Cambodia) បានផ្សាយថា នៅវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ លោក យាង សុធារិន និងលោក អ៊ួន ឈិន អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ។ អ្នកទាំង២ ត្រូវបានលោកចៅក្រមស៊ើបសួរ ពេជ្រ វិជ្ជាធរ ចេញដីកាដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងដីកាបង្គាប់ឲ្យដោះលែងឲ្យនៅក្រៅឃុំ។ បន្ទាប់ពីអ្នកទាំងពីរត្រូវបានចាប់ និងឃុំខ្លួនអស់រយៈពេល ៩ខែ ៧ថ្ងៃ ដោយចោទពីបទប្រគល់ឲ្យរដ្ឋបរទេស នៅព័ត៌មានជាអាទិ៍ ដែលអាចនាំឲ្យអន្តរាយដល់ការការពារជាតិ៕ ដោយ ៖ កូឡាប