ខេត្តស្វាយរៀង ៖ លោក ជុក មុន្នី ប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០១៩នេះបានដឹកនាំក្រុមការងារចុះពិនិត្យ ការស្ថាបនាផ្លូវលំ១ខ្សែ ដែលមានប្រវែង១,១៤៥ម៉ែត្រ ចំណាយថវិកាកសាងអស់ជាង២៤លានរៀល ដែលជាការឧបត្ថម្ភគាំទ្រថវិកាពីក្រុមការងារចុះជួយក្រុង និងសង្កាត់ ព្រមទាំងការចូលរួមសហការពី ប្រជាពលរដ្ឋ ទាំងថវិកា និងដីស្រែផងដែរ។
លោក ជុក មុន្នី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានដីស្រែនៅអមសងខាងផ្លូវលំនេះ ដែលបានបរិចាកដីស្រែ បង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាផ្លូវ បានដោយរលូន និងទទួលបានផ្លូវមួយនេះ ទុកជាចំណងដៃនៅដើមឆ្នាំ២០១៩នេះ។
ប្រធានក្រុមការងាររូបនេះក៏ បានបញ្ជាក់ថា ការអភិវឌ្ឍតែងតែធ្វើជាបន្តបន្ទាប់ទៀតទាំងថវិការបស់រដ្ឋ ទាំងថវិកាចូលរួមពីក្រុមការងារ និងថវិកាបដិភាគពីប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឲ្យមានផ្លូវល្អ ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្សមិនចំណាយពេលយូរ។
លោក ជុក មុន្នី បន្តទៀតថាវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលមាន ទឹក ភ្លើង ផ្លូវនិង ធនធានមនុស្ស ធ្វើយ៉ាងឲ្យវិស័យទាំង៤ ដំណើរទៅដោយរលូន ឥឡូវដូចជានៅខេត្តស្វាយរៀង យើងការអភិវឌ្ឍរីកចម្រើនឥតឈប់មានទាំងរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្រូបយកកម្មករ កម្មការិនី រាប់ម៉ឺននាក់កាត់បន្ថយភាពក្រីក្របានមួយកម្រិត និងកាត់បន្ថយចំណាកស្រុក ដោយប្រថុយប្រថានផងដែរ។
ម្យ៉ាងទៀត ផ្លូវនៅតាមមូលដ្ឋានក្នុងក្រុងស្វាយរៀងនាពេលនេះ មានទាំងផ្លូវ កៅស៊ូ ចាក់បេតុង និងផ្លូវលំហើយនៅពេលខាងមុខ នឹងមានផ្លូវបេតុងរឹតតែច្រើនឡើង សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារទាំងថវិកាក្តី និងផលប៉ះពាល់ក្តី ព្រោះបើគ្មានការចូលពីប្រជាពលរដ្ឋទេ ក៏អាជ្ញាធរមិនអាចធ្វើកិច្ចការងារអភិវឌ្ឍបានដែរ ពោលត្រូវមានការចូលទាំងអស់គ្នា។
លោក ជុក មុន្នី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែ ត្រូវនាំគ្នាថែរក្សាឲ្យបានយូរអង្វែងដើម្បីជាប្រយោជន៍រួម ខណៈដែលមានសំបុកមាន់ នៅលើផ្លូវនេះនាំគ្នា ជួយយកដីលុបក្នុងន័យការចូលរួមថែទាំទាំងអស់គ្នាទុកជាប្រយោជន៍រួម៕ ដោយ ៖ វ៉ៃគោ