តុលាការនៅក្នុងប្រទេសអេហ្សីប បានកាត់ទោសឲ្យតារាចំរៀងស្រី ម្នាក់ជាប់គុករយៈពេល ២ឆ្នាំដោយសារតែផលិតវីដេអូចម្រៀងមិនសមរម្យ។ ក្នុងវីដេអូ គ្រាន់តែបង្ហាញថា តារាចំរៀងរូបនោះបានស្លៀកពាក់ស៊ិចស៊ី និងសំដែងសកម្មភាពញាំចេក។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC នៅថ្ងៃពុធ ទី ១៣នេះ។
តារាង Shaimaa Ahmed វ័យ ២៥ឆ្នាំ ដែលក្នុងអាជីពរបស់នាងគេស្គាល់ថាឈ្មោះ Shyma ត្រូវបានចាប់ខ្លួនកាលពីខែមុន បន្ទាប់ពីវីដេអូចំរៀងរបស់នាងបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងប្រទេសអេហ្សីប ដែលជាប្រទេសអភិរក្សមួយដ៏តឹងរឹង។
នៅថ្ងៃអង្គារនេះ នាងត្រូវតុលាការរកឃើញថាមានទោសពីបទ ញុះញង់ឲ្យប្រព្រឹត្តអំពើអបាយមុខ (អំពើមិនសមរម្យ) និងបទផ្សព្វផ្សាយភាពយន្តមិនសមរម្យ។
អ្នកដឹកនាំផលិតវីដេអូ ក៏ត្រូវកាត់ទោសកំបាំងមុខឲ្យជាប់គុកចំនួន ២ឆ្នាំផងដែរ។
មុនពេលអាជ្ញាធរចាប់ខ្លយន នាង Shyma បានធ្វើការសុំទោសដល់អ្នកដែលបានយកវីដេអូរបស់នាងស្តាប់ ដោយនាងបាននិយាយថា “ខ្ញុំមានបញ្ហា ដោយសំដែងមិនសមរម្យ”។
នាងបង្ហោះនៅលើហ្វេសបុករបស់នាងថា “ខ្ញុំមិននឹកស្មានថា អ្វីទាំងអស់កើតឡើងបែបនេះសោះ ហើយខ្ញុំក៏បានក្លាយជាប្រធានបទនៃការវាយប្រហារពីអ្នករាល់គ្នា”។ ទំព័រហ្វេសបុករបស់នាងនៅពេលនេះ ត្រូវបានលុបចោល។
ប្រទេសអេហ្សីបគឺជាប្រទេសអភិរក្សខ្លាំង ដែលប្រជាជនភាគច្រើនជាអ្នកមានជំនឿលើសាសនាអ៊ីស្លាម ហើយប្រទេសនេះរឹតបន្តឹងខ្លាំងលើសកម្មភាពមិនសមរម្យ និងស៊ិចស៊ី។
កាលពីឆ្នាំមុន អ្នករាំជាស្ត្រី ៣នាក់ក៏ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់ ៦ខែក្នុងម្នាក់ ពីបទញុះញង់ឲ្យប្រព្រឹត្តសកម្មភាពមិនសមរម្យ នៅក្នុងវីដេអូចំរៀង៕ សុភ័ក្ត្រ