ភ្នំពេញ-កាលពីព្រឹកថ្ងៃពុធ ទី១៣ ធ្នូ ផលិតកម្ម Wonder Film បានរៀបចំធ្វើពិធីក្រុងពាលី ថតរឿងថ្មីរបស់ខ្លួន (អន្ទងវិញ្ញាណ) ដែលជាខ្សែភាពយន្តបែបភ័យរន្ធត់ព្រឺព្រួច ចំណែកទឹកប្រាក់ក្នុងការចំណាយ ត្រូវចាងហ្វាងផលិតកម្ម លោក សែម វិសាល បញ្ជាក់ថា មិនទាន់ដឹងពិតប្រាកដនៅឡើយទេ គឺរងចាំការចំណាយជាក់ស្តែងចំណែក រឿង អន្ទងវិញ្ញាណ នេះ គឺជារឿងដែលថតតភាគបន្ទាប់ពីរឿង “ស្នូរជើងអ្នកណា”។
លោក សែម វិសាល អ្នកនិពន្ធនឹងជាអ្នកដឹកនាំផលិតកម្ម Wonder Film បានផ្តល់សម្ភាសន៍ថា ខ្សែរភាពយន្តទីប របស់លោកដែលគ្រោងនឹងចេញថតនៅថ្ងៃទី១៤ ធ្នូ ខាងមុខនេះ គឺជារឿង ដែលតភាគគ្នាមកពីរឿង “ស្នូរជើងអ្នកណា” អីចឹងសាច់រឿង មិនអាចចាកឆ្ងាយពីរឿងខ្មោចបានឡើយ ត្បិតរឿងនេះ គឺចង់សំដៅទៅមនុស្សស្រី ដែលត្រូវប្តីស្លាប់ចោល កាលពីសាច់រឿងមុន ដូច្នេះ តមករឿងក្រោយនេះ គឺរឿង (អន្ទងវិញ្ញាណ) ដែលជាសាច់រឿងថ្មី ដែលតួអង្គនាងត្រូវដើររកគ្រូ ដើម្បីអន្ទងវិញ្ញាណប្តីរបស់នាង ឲ្យមកជួបនាងវិញ ដូច្នេះហើយទើបរឿងនេះ យើងបានដាក់ចំណងជើងថា រឿង (អន្ទងវិញ្ញាណ)។
លោកបន្តថា ទីផ្សារភាពយន្តសម្រាប់ប្រទេសកម្ពុជា កំពុងតែចាប់អារម្មណ៍លើភាពយន្តបែបភ័យរន្ធត់ និងលាយឡំដោយសំណើច ប៉ុន្តែរឿង ទី៤ របស់ផលិតកម្ម Wonder Film មិនផ្តោតលើសាច់រឿងបែបកំប្លែងច្រើនពេកទេ៕ ដោយ-គីមស្រីរ័ត្ន