ពលរដ្ឋកាណាដាម្នាក់ក្នុងប្រទេសចិន ត្រូវបានតុលាការកាត់ទោសប្រហារជីវិតពីបទរត់ពន្ធគ្រឿងញៀន កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។ វិធានការរបស់ចិននេះទំនងជាធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងទីក្រុងប៉េកាំង និងអូតាវា។
តុលាការចិនប្រកាសថា លោក Robert Lloyd Schellenberg ទទួលទោសប្រហារជីវិតដោយផ្អែកទៅលើបទល្មើសយ៉ាងធ្ងន់ធ្ងររបស់គាត់ និងផ្អែកទៅលើក្រមព្រហ្មទណ្ឌរបស់ចិន។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានរិះគន់ចំពោះវិធានការចិន។
បើតាមការបញ្ជាក់របស់តុលាការ លោក Robert Lloyd Schellenberg ត្រូវក្រុមជួយដូរគ្រឿងញៀនបញ្ជូនទៅកាន់ទីក្រុង Dalian ស្ថិតក្នុងខេត្ត Liaoning កាលពីថ្ងៃខែ វិច្ឆការ ឆ្នាំ ២០១៤ ដើម្បីឲ្យរត់ពន្ធគ្រឿងញៀនចំនួន ២២២គីឡូក្រាមទៅកាន់ប្រទេសអូស្ត្រាលី។
លោក Robert Lloyd Schellenberg និងគូកនម្នាក់បានទិញប្រដាប់ប្រដា ក្នុងគោលបំណងច្រកគ្រឿងញៀនទាំងនោះសារជាថ្មី មុនពេលពួកគេដឹកបញ្ជូនចេញតាមកុងតេណឺ។
ក្រោយពេលគូកនរបស់លោកបានចូលខ្លួនទៅកាន់ប៉ូលីស លោកបានរត់ចេញពីទីក្រុង Dalian និងត្រូវបានចាប់ខ្លួននៅភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៤ដដែល។ ការចាប់ខ្លួនបានធ្វើឡើងក្រោយពេលគាត់ព្យាយាមរត់ទៅកាន់ប្រទេសថៃ។
លោក Robert Lloyd Schellenberg បាននិយាយមុនពេលតុលាការប្រកាសសាលក្រមដូច្នេះថា “ខ្ញុំមិនមែនជាអ្នករត់ពន្ធគ្រឿងញៀនទេ។ ខ្ញុំមកប្រទេសចិនក្នុងនាមជាអ្នកទេសចរ”។
ចំណែកក្រុមគ្រួសាររបស់លោកសំដែងការតក់ស្លុតយ៉ាងខ្លាំងចំពោះការប្រកាសនោះ និងបានសេចក្តីប្រកាសនៅថ្ងៃច័ន្ទម្សិលមិញដែរ ដោយស្នើរដ្ឋាភិបាលកាណាដាអោយការពារពលរដ្ឋរបស់ខ្លួន៕ សុភ័ក្ត្រ
ប្រភព៖ CNN