ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នាង ផាត បញ្ជាក់ថា កិច្ចប្រជុំពិភាក្សានយោបាយយោធា កម្ពុជា-អាមេរិក លើកទី២នេះ ពិតជាទទួលបានលទ្ធផលជាវិជ្ជមាន ហើយជឿជាក់ថា ប្រជាជនទាំងពីរ មានឆន្ទៈពេញលេញក្នុងការបំពេញនូវតម្រូវការទាំងអស់។
លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកបណ្ឌិត ចូសែហ្វ ហ្វែលធឺរ (H.E Dr Joseph Felter) ឧបការីរង រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះបើតាមការផ្សាយរបស់វេបសាយក្រសួងការពារជាតិ កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៩។
កិច្ចប្រជុំពិភាក្សានយោបាយយោធា កម្ពុជា-អាមេរិក លើកទី២ បានរៀបចំធ្វើឡើងនាព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការពារជាតិ ដោយមានវត្តមាន លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកបណ្ឌិត ចូសែហ្វ ហ្វែលធឺរ (H.E Dr Joseph Felter) ឧបការីរង រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ កិច្ចប្រជុំពិភាក្សានយោបាយយោធា កម្ពុជា-អាមេរិក លើកទី២
ថ្លែងបើកកិច្ចប្រជុំនោះ លោករដ្ឋលេខាធិការ នាង ផាត ក្នុងនាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំពិភាក្សានយោបាយយោធា កម្ពុជា-អាមេរិក លើកទី១ បានធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ ដែលជាវេទិកាដ៏សំខាន់មួយ សម្រាប់អន្តរកម្មប្រកប ដោយផ្លែផ្កា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការពារជាតិ រវាងប្រទេសយើងទាំងពីរ។ លោកបានបន្តថា៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត នៃខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ខណៈដែលមិត្តបរទេសភាគច្រើនចាត់ទុកថាជាការវិវត្តន៍វិជ្ជមានមួយ ហើយបានសរសើរចំពោះការប្តេជ្ញាចិត្ត និងការប្រឹងប្រែងរបស់យើងចំពោះការឆ្ពោះទៅមុខ។ ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងថា៖ កិច្ចប្រជុំពិភាក្សានយោបាយយោធា កម្ពុជា-អាមេរិក លើកទី២នេះ ពិតជាទទួលបានលទ្ធផលជាវិជ្ជមាន ចំពោះសកម្មភាពសម្រាប់ឆ្នាំនេះ និងឆ្នាំជាបន្តបន្ទាប់ និងជឿជាក់ថា កិច្ចពិភាក្សានេះ នៅតែជាវេទិកាធ្វើការដ៏មានសារសំខាន់ ដើម្បីចេញនូវផែនការអភិវឌ្ឍន៍កម្មវិធី សហប្រតិបត្តិការការពារជាតិ របស់ប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក ហើយជឿជាក់ថា ប្រជាជនទាំងពីរ មានឆន្ទៈពេញលេញក្នុងការបំពេញនូវតម្រូវការទាំងអស់។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា៖ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកបណ្ឌិត ចូសែហ្វ ហ្វែលធឺរ (H.E Dr Joseph Felter) ឧបការីរង រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានពិភាក្សាពីចក្ខុវិស័យរួម ដែលចង់អោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មានភាពបើកចំហ និងមានភាពសេរី និងពិភាក្សាពីការដែលទំនាក់ទំនងរវាងយោធា និងយោធាដ៏ល្អមួយ អាចជួយកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនបាន ដោយគ្មានការបង្ខិតបង្ខំ ដើម្បីធានាបាននូវសន្តិភាព វិបុលភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ ជាមួយគ្នានេះ នឹងពិភាក្សាសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជា មានភាពជឿនលឿនក្នុងការពង្រឹងស្ថាប័ន និងអនុវត្តកំណែទម្រង់ផងដែរ ៕ ដោយ ៖ កូឡាប