ភ្នំពេញ ៖ អតីតសកម្មជនក្រុមប្រឆាំងម្នាក់ ឈ្មោះ គង់ ម៉ាស់ ដែលជេរប្រមាថរាជរដ្ឋាភិបាល និងញុះញង់ បង្កអសន្ដិសុខ និងបង្កចលាចលដល់សង្គម ត្រូវបានបានកងកម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានឃាត់ខ្លួន ក្នុងពេលលោកកំពុងអង្គុយផឹកកាហ្វេក្នុងហាង អាលមិន (Almond) ស្ថិតនៅជិតស្ថានទូតរុស្ស៊ី រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។ ឈ្មោះ គង់ ម៉ាស់ ជាសកម្មជនបក្សប្រឆាំងដ៏សកម្ម និងល្បី មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការបង្ហោះសារអំពីសកម្មភាពបក្សប្រឆាំង និងការរិះគន់ រាជរដ្ឋាភិបាល នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយឃាត់ខ្លួន ជននេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការសាកសួរ។ ការចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិរូបនេះ គឺដោយផ្អែកលើភស្តុតាង ដែលមានបង្ហាញនៅលើហ្វេសប៊ុក និងនៅក្នុងកុំព្យូទ័ររបស់ លោក គង់ ម៉ាស់ តាមបញ្ជារបស់បុគ្គល សម រង្សី។
លោក ខៀវ សុភ័គ បានប្រាប់ថា សមត្ថកិច្ចត្រូវបញ្ជួន លោក គង់ ម៉ាស់ ទៅកាន់តុលាការ នៅរសៀលថ្ងៃទី១៧ខែមករានេះ បន្ទាប់ពីឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ខែមករា។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ៖ ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់ដោយប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយកន្លងមក តាមប្រព័ន្ធហ្វេសបុក ក្នុងគោលបំណងឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅមានការស្អប់ខ្ពើមបង្កជាភាពចលាចល អសន្ដិសុខក្នុងប្រទេស ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន។
នៅលើហ្វេសប៊ុកមួយដែលមានឈ្មោះ Kong Mas បានសរសេរថាទឹកទី១៖ “សហភាបអឺរ៉ុបបានសម្រេចជំហានដំបូងដាក់ទណ្ឌកម្មលើការយកពន្ធ និងតំឡើងថ្លៃមកលើការនាំចូលអង្ករពីកម្ពុជា ដោយយកពន្ធ ២០០,៧៣ដុល្លារក្នុងមួយតោន នេះតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃទី១៤ មករា កន្លងមកនេះ។ ដោយឡែក កាលពីថ្ងៃទី១៥ មករា លោកក៏បានបង្ហោះសារមួយដែរ ដោយចោទថា រដ្ឋបាលលោក ហ៊ុន សែន គិតតែរឿងអំណាច មួយថ្ងៃៗ មិនបានយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារតម្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ជាពិសេស មិនបានយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជូនប្រជាពលរដ្ឋ ឲ្យមានកម្រិតសមរម្យនោះទេ។ លោកសូមឲ្យប្រជាពលរដ្ឋខ្មែរងើបឡើងតវ៉ា ដើម្បីជីវភាពគ្រប់ៗ គ្នា។ ចុងក្រោយ លោកសរសេរពាក្យថា ប្តូៗ ជាដើម។
ក្រៅពីនេះកន្លងមក លោក គង់ ម៉ាស់ តែងតែបង្ហោះសារ នៅលើហ្វេសប៊ុក ស្ទើរាល់ថ្ងៃ អំពីសកម្មភាពនានា របស់គណបក្សសង្គ្រោះជាតិ និងតែងតែរិះគន់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ