បុរសឥណ្ឌាម្នាក់ត្រូវសត្វតោមួយក្បាលខាំហែករហូតដល់ស្លាប់ បន្ទាប់ពីគាត់បានឡើងជញ្ជាំង ចូលក្នុងទ្រុងរបស់វា នៅសួនសត្វមួយស្ថិតនៅភាគខាងជើងរដ្ឋ Punjab។ នេះតាមការបញ្ជាក់របស់ មន្ត្រីឥណ្ឌានៅថ្ងៃច័ន្ទនេះ។
បុរសរងគ្រោះខាងលើ បានឡើងជញ្ជាំងកំពស់ ៦ម៉ែត្រនៃសួនសត្វ Chhatbir ហើយបានចូលក្នុងតំបន់បំរាម ដែលមាន តោ ៤ក្បាលនៅទីនោះ ហើយគាត់ក៏ត្រូវតោមួយក្បាលវាយប្រហារតែម្តង។
បុគ្គលិកសួនសត្វបានរត់ទៅមើល និងព្យាយាមសង្គ្រោះគាត់ បន្ទាប់ពីបានលឺសម្លេងស្រែកយំរបស់គាត់។
អ្នកមើលថែសួនសត្វ បានបញ្ជូលបុរសរងគ្រោះខាងលើទៅកាន់មន្ទីពេទ្យប៉ុន្តែ គាត់បានស្លាប់បាត់ទៅហើយ ដោយសារតែរបួសខ្លាំងពេក។
តោដែលវាយប្រហារបុរសខាងលើនោះជាសត្វកម្រ និងជិតផុតពូជ ដែលជាប្រភេទសត្វ អាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន ហើយបច្ចុប្បន្ន វាមានចំនួនប្រហែល ៥០០ក្បាលប៉ុណ្ណោះនៅក្នុងព្រៃ ទូទាំងប្រទេសឥណ្ឌា៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia