ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសថា លោកទទួលស្គាល់មេដឹកនាំបក្សប្រឆាំងរបស់ប្រទេសវេណេហ្ស៊ុយអេឡា ជាប្រធានាធិបតីបណ្តោះអាសន្ន។
ការប្រកាសពីការគាំទ្ររបស់លោក ត្រាំ កើតឡើងក្រោយពេល មេដឹកនាំបក្សប្រឆាំង លោក Juan Guaidó បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី នៅថ្ងៃពុធម្សិលមិញនេះ។
ក្រៅពីសហរដ្ឋអាមេរិច ប្រទេសផ្សេងៗទៀត ដូចជា ប្រេស៊ីល កូឡុំប៊ី និងប៉េរូជាដើម ក៏បានប្រកាសគាំទ្រ លោក Juan Guaidó ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវេណេហ្ស៊ុយអេឡា ផងដែរ។
ការប្រកាសទទួលស្គាល់ប្រធានាធិបតីថ្មីរបស់ប្រទេសវេណេហ្ស៊ុយអេឡាពីសំណាក់ប្រទេសនៅអាមេរិចខាងត្បូង បានកើតឡើងក្រោយពេល មានការផ្ទុះការតវ៉ាយ៉ាងធំ ប្រឆាំងទៅនឹងប្រធានាធិបតី Nicolás Maduro ដែលបានដឹកនាំប្រទេសបណ្តាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំងជាច្រើនឆ្នាំ។
បញ្ហាអតិផរណា ការខ្វះអគ្គិសនីប្រើប្រាស់ និងកង្វះគ្រឿងមូលដ្ឋាននៅក្នុងប្រទេស បានធ្វើឲ្យប្រជាជនវេណេហ្ស៊ុយអេឡារាប់លាននាក់ បានរត់ចោលប្រទេស។
ជាការឆ្លើយតបចំពោះការទទួលស្គាល់របស់លោក ត្រាំ លោកប្រធានាធិបតី Nicolás Maduro បានប្រកាសពីការផ្តាច់ទំនាក់ទំនងកាទូតជាមួយនឹងអាមេរិច និងទុករយៈពេល ៧២ម៉ោង ដល់បុគ្គលិកទូតរបស់អាមេរិច អោយចេញចេញពីប្រទេសវេណេហ្ស៊ុយអេឡា។
ប្រធានាធិបតី Nicolás Maduro បានចោទប្រកាន់អាមេរិចថា បានព្យាយាមគ្រប់គ្រងវេណេហ្ស៊ុយអេឡាពីចំងាយ និងបានបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំងកំពុងព្យាយាមបង្កើតរដ្ឋប្រហារ។
កាលពីដើមខែនេះ ប្រធានាធិបតី Nicolás Maduro បានស្បថចូលកាន់តំណែងនៅអាណត្តិទី ២ ក្រោយពេលការបោះឆ្នោតមិនមានការចូលរួមពីគណបក្សប្រឆាំង ព្រមទាំងមានការតវ៉ាជាខ្លាំងចំពោះការបោះឆ្នោតដែលមានការកំណត់រួចជាមុន។
នៅថ្ងៃពុធម្សិលមិញដែរ មេដឹកនាំបក្សប្រឆាំង លោក Juan Guaidó វ័យ ៣៥ឆ្នាំ ដែលប្រកាសខ្លួនជាប្រធានាធិបតីស្តីទី បានថ្លែងប្រាប់អ្នកតវ៉ាក្នុងរដ្ឋធានី Caracas ថា ការតវ៉ានឹងបន្តធ្វើឡើងរហូតដល់ប្រទេសវេណេហ្ស៊ុយអេឡាត្រូវបានរំដោះ ៕ សុភ័ក្ត្រ
ប្រភព៖ BBC