សហរដ្ឋអាមេរិច បានធ្វើការព្រមានមេដឹកនាំវេណេហ្ស៊ុយអេឡាថា បើមានការគំរាមកំហែងណាមួយលើមន្ត្រីទូតអាមេរិច ឬមេដឹកនាំបក្សប្រឆាំង Juan Guaido អាមេរិចនឹងចាត់វិធានការឆ្លើយតបវិញ។ នេះបើតាមការបញ្ជាក់របស់លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិច។
ការព្រមានរបស់លោកចំពោះរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា កើតឡើងក្រោយពេល សហរដ្ឋអាមេរិច និងប្រទេសជាង ២០ផ្សេងទៀត បានប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតីវេណេហ្ស៊ុយអេឡាបណ្តោះអាស្ន។
នៅពេលជាមួយគ្នានេះដែរ មេដឹកនាំបក្សប្រឆាំងក៏ស្នើឲ្យប្រជាជនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅថ្ងៃពុធ និងសៅរ៍នេះផងដែរ។
វិបត្តិនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ហាក់ឡើងដល់ចំណុចក្តៅខ្លាំង ក្រោយពេលមានការដឹកនាំរបស់មេដឹកនាំបក្សប្រឆាំង ដើម្បីប្រឆាំងទៅនឹងប្រធានាធិបតី Nicolas Maduro ដែលធ្វើឲ្យប្រទេសវេណេហ្សុយអេឡាកំពុងស្ថិតក្នុងស្ថានភាពចលាចលជាខ្លាំង។
លោក Nicolas Maduro ទើបតែស្បថចូលកាន់តំណែងកាលពីដើមខែនេះ ដើម្បីបន្តការដឹកនាំក្នុងអាណិត្តទី ២របស់លោក ក្រោយពេលមានការបោះឆ្នោតដ៏ចម្រូងចម្រាស់ ដែលធ្វើពហិការដោយបក្សប្រឆាំង ដោយសារការបោះឆ្នោតមិនត្រឹមត្រូវ ព្រមទាំងមានការផ្ទុះការតវ៉ាយ៉ាងខ្លាំង។
កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកតំណាងយោធាជាន់ខ្ពស់វេណេហ្ស៊ុយអេឡា នៅអាមេរិច គឺលោក José Luis Silva បានប្រកាសផ្តាច់ខ្លួនពីរដ្ឋាភិបាលលោក Nicolas Maduru និងប្រកាសទទួលស្គាល់មេដឹកនាំបក្សប្រឆាំងជាប្រធានាធិបតី៕ សុភ័ក្ត្រ
ប្រភព៖ BBC