ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ (Dr . Robert GARCIA) អភិបាលក្រុងឡុងប៊ិច បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រភាព រវាងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក និងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ដែលពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដោយហេតុថា ទីក្រុងឡុងប៊ិច ជាទីក្រុងសម្បូរដោយវប្បធម៌និងជាតិសាសន៍ផ្សេងគ្នា និងជាទីក្រុងមានប្រជាពលរដ្ឋកម្ពុជា រស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរិក ។ ប្រជាពលរដ្ឋរាជធានីភ្នំពេញ និងប្រជាពលរដ្ឋទីក្រុងឡុងប៊ិច មានបំណងលើកស្ទួយមិត្តភាពល្អ និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឲ្យមានសុច្ឆន្ទៈរវាងទីក្រុងទាំងពីរ ។ ក្នុងគោលបំណងជំរុញឲ្យមានការយោគយល់គ្នាទៅវិញទៅមក តាមរយៈការលើកស្ទួយសន្តិភាព ស្ថិរភាពនិងភាពរីកចម្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូល ។ ភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលប្រមូលផ្តុំនយោបាយ ពាណិជ្ជកម្ម សិល្បៈ វប្បធម៌ ប្រពៃណី និងការអប់រំ។
អនុស្សរណៈនេះ ក្នុងបំណងបង្កើតនូវទំនាក់ទំនងវប្បធម៌ និងការអប់រំ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចំណងមិត្តភាព រវាងប្រជាជននៃទីក្រុងទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ កាន់តែរឹងមាំ ទីក្រុងទាំងពីរបានព្រមព្រៀងគ្នាបង្កើនចំណងសម្ព័ន្ធមេត្រីភាព តាមលក្ខខណ្ឌមួយចំនួន ដូចជា រាជធានីភ្នំពេញ និងទីក្រុងឡុងប៊ិច នឹងសម្របសម្រួល ឲ្យមានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល និងធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញឲ្យមានករអភិវឌ្ឍ ជារួម ដើម្បីចែករំលែកភាពរីកចម្រើនរវាងគ្នានឹងគ្នា។ ទី១ ទីក្រុងទាំងពីរបានត្រៀមខ្លួនរួវជាស្រេង ដើម្បីអនុវត្តការផ្លាស់ប្តូរសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទាំងសងខាង ។ ទី២ រាជធានីភ្នំពេញ និងទីក្រុងឡុងប៊ិច និងសម្របសម្រួលឲ្យមានការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល និងធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញឲ្យមានការអភិវឌ្ឍជារួម ដើម្បីចែករំលែកភាពរីកចម្រើនរវាងគ្នានិងគ្នា ។ទី៣ រាជធានីភ្នំពេញ និងទីក្រុងឡុងប៊ិច និងឯកភាពសម្របសម្រួល ឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់តំណាងទីក្រុងរបស់ខ្លួនទៅវិញទៅមក ។ ទី៤ រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីរក្សាបាននូវសម្ព័ន្ធមេត្រីភាពរបស់ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធរបស់ទីក្រុងទាំងពីរ ដើម្បីជំរុញអោយមានកិច្ចពិភាក្សាជាបន្តបន្ទាប់ លើបញ្ហាពាក់ព័ន្ធកិច្ចសហប្រតិបត្តិការការផ្លាស់ប្តូរទ្វេភាគី រួមទាំងបញ្ហាផ្សេងៗទៀត ដែលភាគីទាំងពីមានចំណាប់អារម្មណ៍ ។ ទី៥ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹងនូវការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមិនមានកាតព្វកិច្ចច្បាប់ណាមួយឡើយ ។
លោកសង្ឃឹមយ៉ាងជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីទីក្រុងទាំងពីរបាន ក្លាយជាសម្ព័ន្ធមេត្រីភាព ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពនេះហើយ ទីក្រុងទាំងពីរនិងមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចជាបន្តបន្ទាប់ ដើម្បីឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងបាននាំមកនូវកាលានុវត្តភាពថ្មីមួយ សម្រាប់ជាប្រយោជន៍លើប្រទេសជាតិ និងប្រជាជននៃទីក្រុងទាំងពីរ ក្នុងស្មារតីផ្តល់ការគាំទ្រ និងការជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យនាពេលខាងមុខជាក់ជាមិនខាន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ អភិបាលក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលប្រតិភូ នៃទីក្រុងឡុងប៊ិច មកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៦ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។ ការជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ នេះ នារាជធានីភ្នំពេញ ។
ថ្លែងនៅក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ បានធ្វើសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងឡុងប៊ិច ដែលដឹកនាំដោយលោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ អភិបាលក្រុងឡុងប៊ិច ដែលបានអញ្ញើញមកទស្សនកិច្ចជាផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងន័យរិតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការចុះអនុស្សរណៈ ស្តីពីការចងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលនៃប្រទេសទាំងពីរ ភ្នំពេញ-ឡុងប៊ិច ឲ្យកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅ ។
លោក ឃួង ស្រេង បានឲ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិច បានបង្កើតទំនាក់ទំនងការទូតទ្វេភាគី ជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥០មកម្ល៉េះ រហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានអត្រាកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងពី ៣.១៧៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ រហូតជិត៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៨ និងមានការកើនឡើងជាបន្តបន្ទាប់ទៀត៕ ដោយ ៖ កូឡាប