Sunday, March 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូលក់សាំងយីហោ PEACE នៅភូមិតាងួន រងការផាកពិន័យ៤លានរៀល ក្រោយមិនដាក់តម្លៃ និងលក់លើសតម្លៃជាង ៦០០០ពាន់រៀល

ភ្នំពេញ ៖ ដេប៉ូលក់សាំងយីហោ PEACE រងការផាកពិន័យ៤លានរៀលក្រោយមិនដាក់តម្លៃ និងលក់លើសតម្លៃជាង ៦០០០ពាន់រៀល នៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមមន្រ្តីជំនាញ និងអាជ្ញាធរ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានចុះទៅពិនិត្យជាក់ស្តែង និងបានរកឃើញបែបនេះមែន។

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពនៃតំលៃប្រេងឥន្ទនៈ​ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ជាក់ស្ដែង​ នាថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ២០២៦​ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីមន្ទីរនិងអង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងស្ថានីយប្រេងឥន្ធនៈ ០១កន្លែងនាមករណ៍ “សន្ដិភាព” ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ដោយទីតាំងនេះបានលក់ប្រេងឥន្ធនៈលើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។ ជាលទ្ធផល​ ក្រុមការងារបានធ្វើការផាកពិន័យទីតាំងនេះចំនួន ៤,០០០,០០០រៀល និងធ្វើកិច្ចសន្យាកែតម្រូវឱ្យស្របតាមច្បាប់និងបទប្បញ្ញតិបច្ចេកទេសជាធរមាន។

រដ្ឋបាលរាជធានីភ្នំពេញ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តារក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អក្នុងសង្គម សាមគ្គីគ្នាក្នុងគ្រាលំបាក និងចៀសវាងការឆក់ឱកាសកេងចំណេញនានា។

ចំណែកលោកទៀ ស្យាម ប្រធានក្រុមហ៊ុនភីស បានចេញសេចក្តីជូនដំណឹងថា គ្រប់បណ្តាស្ថានីយភីស បានបន្តរក្សាតម្លៃប្រេងដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទទួលបាននូវសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។

ដូច្នេះ ប្រសិនបើមានស្ថានីយណាមួយធ្វើការលក់ប្រេង លើសតម្លៃដែលបានកំណត់ សូមជួយរាយការណ៍មកកាន់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងធ្វើការពិនិត្យ និងចាត់វិធានការ និងសហការយ៉ាងជិតស្និតជាមួយក្រសួងពាក់ព័ន្ធដើម្បីអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។
សូមអរគុណចំពោះការជឿទុកចិត្ត និងការគាំទ្ររបស់បងប្អូនជានិច្ច៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×