Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ​ពលរដ្ឋ​ម្នាក់ ដែល​ត្រូវ​កម្លាំងចម្រុះ​ខេត្ត​ព្រះសីហនុ បាញ់​ឲ្យ​រងរបួស​ធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ថ្ងៃ​ចន្ទ ទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​លោក ចេ​វ គឹម​ហេង តំណាងរាស្ត្រ​ខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​មន្ត្រី​មួយចំនួន នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចុះសួរសុខទុក្ខ​យុវជន​ម្នាក់ ដែល​ត្រូវបាន​កម្លាំងចម្រុះ បាញ់​ឲ្យ​រងរបួស​ធ្ងន់​ធ្ងន់ ក្នុងអំឡុងពេល​ចុះ​បំពេញការងារ ឬ​តួនាទី អនុវត្ត​សាលដីកា លើ​ករណី​ដីធ្លី នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ហើយ​កើតមាន​អំពើ​ហឹ​ង្សា​ជាមួយ​ប្រជាពលរដ្ឋ ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា ចំពោះ​វត្តមាន របស់​មន្ត្រី​តុលាការ និង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​។​

​យុវជន​ម្នាក់ ដែល​ត្រូវ​គ្រាប់កាំភ្លើង របស់​កម្លាំង​សមត្ថកិច្ច មានឈ្មោះ ពៅ សា​រ័ត្ន ត្រូវបាន​គ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បញ្ជូនមក​សម្រាក​ព្យាបាល​ជំងឺ និង​វះកាត់​ក្បាល​គ្រាប់ ដែល​បៀម នៅក្នុង​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​មន្ទីរពេទ្យ​ព្រះសង្ឃ រាជធានី​ភ្នំពេញ បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ បាញ់រះ ដោយ​ហឹ​ង្សា​មកលើ​ហ្វូង​ប្រមូលផ្តុំ របស់​ប្រជាពលរដ្ឋ​តវ៉ា​លើ​ករណី​ទំនាស់​ដីធ្លី នៅក្បែរ​វត្ត​អូរត្រេះ ត្រង់ចំណុច​ពយ​ម៉ា​ចូ​វ មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។​

​លោក ពៅ សា​រ័ត្ន ជា​ជនរងគ្រោះ​ដោយសារ​ការប៉ះទង្គិច​គ្នា រវាង​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ពលរ​ដ្រ​ស់​នៅ​តំបន់​ពយ​ម៉ា​ចូ​វ កាលពី​ថ្ងៃទី​២៤ ខែមករា ក្នុងអំឡុង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​អនុវត្ត​សាលដីកា ករណី​ដីធ្លី នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន លោក ពៅ សា​រ័ត្ន កំពុង​សម្រាក​ព្យាបាល​របួស នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ឬ​ហៅថា មន្ទី​ពេទ្យ​ព្រះសង្ឃ ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រោយ​ការបាញ់រះ របស់​កម្លាំងចម្រុះ​ខេត្ត​ព្រះសីហនុ មាន​កម្លាំង​កងរាជអាវុធហត្ថ កម្លាំងយោធា និង​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាប​ដោយ​ហឹ​ង្សា ទៅលើ​ការប្រមូល​ផ្តុំគ្នា របស់​ប្រជាពលរដ្ឋ តវ៉ា​លើ​ករណី​ទំនាស់​ដីធ្លី នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមករា គឺមាន​ពលរដ្ឋ​រងគ្រោះ​មួយចំនួន បាន​ព្យាយាម​ផ្ញើ​រូប​វីដេអូ​ឃ្លី​ប​មួយចំនួន នៃ​សកម្មភាព​បាញ់រះ និង​ប្រើ​អំពើ​ហឹ​ង្សា​វាយ​ទាត់​ធាក់ របស់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បង្ក្រាប​ទៅលើ​ប្រជាពលរដ្ឋ ពួកគាត់​ឲ្យ​ជួយ​ចុះផ្សាយ​ផងដែរ​។​

​សកម្មភាព​បង្ក្រាប​ដោយ​ហឹ​ង្សា របស់​កងកម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ គឺ​បាន​កើតឡើង​បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ បាន​ប្បូល​ផ្តុំគ្នា​តវ៉ា​ដុត​កង់ឡាន គប់​ដុំថ្ម និង​គប់​ដប​សាំង​មកលើ​កម្លាំង​មាន សមត្ថកិច្ច ដែល​ចុះទៅ​អនុវត្ត​សាលដីការ របស់​តុលាការ​កំពូល លើ​ករណី​ដីធ្លី​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ក្បែរ​វត្ត​អូរត្រេះ ដែលមាន​វិវាទ​នាពេល​កន្លងមក​។ ក្រោយ​មាន​សកម្មភាព​ប្រើ​អាវុធ​វែង​ខ្លី បាញ់រះ​ទៅលើ​ហ្វូង​ប្រជាពលរដ្ឋ ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​រួចមក ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ផ្ញើ​រូប​វីដេអូ​ឃ្លី​ប​មួយចំនួន មក​ឲ្យ​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ ដោយ​ស្នើ​ឲ្យ​ជួយ​ចុះផ្សាយ​ជូន​ពួកគាត់​ដោយ​អនុគ្រោះ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​ថ្នាក់ជាតិ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឃើញ និង​ធ្វើការ​ពិចារណា ចំពោះ​សកម្មភាព របស់​កង​រាជ​អា​វុ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​កម្លាំងប្រដាប់អាវុធ​ស្ថាប័ន​មួយចំនួនទៀត ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​បាញ់រះ និង​វាយ​ទាត់​ធាក់ ទៅលើ​ប្រជាពលរដ្ឋ ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​លើ​ករណី​ទំនាស់​ដីធ្លី នៅ​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់​។​

​វីដេអូ​ឃ្លី​ប​ខ្លះ​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​កម្លាំងយោធា​ជាដើម បាន​ប្រើ​កាំភ្លើង​បាញ់​គំរាម​ប្រជាពលរដ្ឋ និង​បាន​ចាប់​ចងដៃ និង​ដាក់​ខ្លោះ​ដៃ​ទាំងពីរ​ជាប់​ទៅក្រោយ​ខ្នង នៅនឹងកន្លែង​កើតហេតុ​ចំនួន ៧​នាក់​។ ក្នុងនោះ​មាន​យុវជន​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង និង​មាន​យុ​វន​ម្នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​រុញ​ឲ្យ​ដេក​ផ្គាប់​មុខ​ទៅលើ​ដី រួច​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ វាយ​ទាត់​ធាក់ ក្នុងអំឡុងពេល ដែល​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​អនុវត្ត​សាលដីកា របស់​តុលាការ​កំពូល លើ​ករណី​សំណុំរឿង​ដីធ្លី នៅ​មូលដ្ឋាន​ស្រុក​ព្រៃនប់ ក្បែរ​ឆ្នេរ​អូរត្រេះ ជូន​អ្នកមាន​ទ្រព្យ​ដ៏​សម្បើម និង​មាន​ឥទ្ធិពល​ដ៏​មហិមា​នៅក្នុង​ប្រទេស​កម្ពុជា​..​។​

​ទាក់ទិន​បញ្ហា​នេះ លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ក្នុងអំឡុងពេល ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​អនុវត្ត​សាលដីកា របស់​តុលាការ​កំពូល លើ​ករណី​ដីធ្លី​នៅ​តំបន់​ពយ​ម៉ា​ចូ​វ រហូត​មាន​អំពើ​ហឹ​ង្សា ហើយ​ឈានដល់​កម្លាំងចម្រុះ​ផ្ទុះអាវុធ​បង្ក្រាប​ការប្រមូលផ្តុំ របស់​ប្រជាពលរដ្ឋ​នោះ គឺ​ពេលនោះ​ក​ម្លាំ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​៤​នាក់ យកទៅ​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ ហើយ​យុវជន​ចំនួន ២​នាក់ ផ្សេងទៀត ដែល​រង​របួស ក៏ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ក្រោយមក មនុស្ស​ទាំង ៤​នាក់ ដែល​សមត្ថកិច្ច​នគរ​បាល​នាំខ្លួន​ទៅ​សាកសួរ​នោះ ក៏ ត្រូវបាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​

​ប្រជាពលរដ្ឋ​ទាំង​៤​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ៖

១. ឈ្មោះ ឆែម ទុន​រ៉ាស៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​

២. ឈ្មោះ សៅ សុធា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​

៣. ឈ្មោះ យឿន យ៉​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​

៤. ឈ្មោះ កើត សំណាង ភេទ​ប្រុស មិន​ចាំ​អាយុ​

​លោកស្រី សុធា​រី បាន​ឲ្យ​ដឹង​បន្តថា សកម្មភាព​ខាងលើនេះ ក៏បាន​បណ្តាល​ឲ្យ​រងរបួស​យុវជន​ចំនួន​២​នាក់ ក្នុងនោះ​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ស្មា​ខាងឆ្វេង ហើយ​បាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ នៅ​រាជធានី​ភ្នំពេញ​។​

​អ្នកឃ្លាំមើល​សង្គម​រូបនេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ជនរងគ្រោះ​ដោយ​ត្រូវ​គ្រាប់កាំភ្លើង របស់​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះ​សីះ​នុ របួសធ្ងន់​ខាងលើនេះ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា ត្រូវបាន​ក្រុមគ្រូពេទ្យ​វះកាត់​យក​ក្បាល​គ្រាប់ ដែល​បៀម​ជាប់​នៅ​ឆ្អឹង​ខ្លង​ដោយ​ជោគជ័យ​រួចហើយៗ អាកា​រៈ​ជំងឺ ឬ​របួស​ក៏បាន​ធូរស្រាល​បន្តិច​ហើយ​ដែរ​។​

​បញ្ហា​នេះដែរ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក៏បាន​ឱ្យដឹង​ដែរ​ថា កម្លាំង​នគរបាល​មិនបាន​កសាង​សំណុំរឿង​បញ្ជូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដែល​បាន​ឃាត់ខ្លួន​នោះ បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នោះទេ ពោលគឺ​ក្រោយពេល​សមត្ថកិច្ច​សាកសួរ​បុរស​ទាំង​៤​នាក់ ដែល​ឃាត់ខ្លួន​នោះ ក៏បាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​ ។​

​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ចំពោះ​ចំណាត់​ការចុះអនុវត្ត​ការងារ ឬ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល របស់​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ លើ​ករណី​ដីធ្លី​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ក៏បាន​បន្តសកម្មភាព​ដោយ​រលូន ជាមួយ​ការដាក់​ពង្រាយ​កម្លាំងចម្រុះ ដើម្បី​ចុះ​ការពារ​យាមកាម​នៅ​ជុំវិញ បរិវេណ​ទីតាំង​ដី​តំបន់​ពយ​ម៉ា​ចូ​វ ក្បែរ​វត្ត​អូរត្រេះ​យ៉ាង​តឹងរឹង​បំផុត​៕ ដោយ ​៖ ដែន សីមា​

×