ថៃ ៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីទទួលបានព័ត៌មានស្តីពីការលបលួចចូលកាប់ឈើគ្រញូងរួចមក កំលាំងចម្រុះដែលមានទាហានឈុតខ្មៅ ក្រុមទី១៣ អង្គភាពរដ្ឋបាលព្រៃឈើ កំលាំងអភិរក្សសត្វព្រៃ ស្រុកខ្លងហាត ខេត្តស្រះកែវ បានធ្វើការជាមួយជំនាញ ស្រុកថាតាក់កៀប ខេត្តឆាក់ឈើងសៅ បានចុះទៅកាន់តំបន់អភិរក្សសត្វព្រៃ ភ្នំអាងឬណៃស្ថិតក្នុងចំណុចព្រៃចែក ក្នុងភូមិ២៥ ឃុំខ្លងតាក់ក្រៅ ស្រុកថាតាក់កៀប ដែលនៅក្នុងតំបន់ព្រំប្រទល់ខេត្តស្រះកែវ និងខេត្តឆាក់ឈើងសៅ ប្រទេសថៃ។ នៅទីនោះកំលាំងចម្រុះទាំងពីរខេត្ត បានប្រទះឃើញមនុស្សមួយក្រុម ដែលពួកគេកំពុងសម្រាកនៅលើគំនរឈើគ្រញូងជាច្រើនផ្ទាំង ទើបកំលាំងសម្រុកចូលចាប់ពួកគេ។ ប៉ុន្តែគឺបានតែពីរនាក់ប៉ុណ្ណោះ ដែលជាជនជាតិខ្មែរ ក្រៅពីនេះពួកគេបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោលតែម្តង ។

ជនសង្ស័យទាំងពីរនាក់ដែលក្រុមចម្រុះថៃចាប់ខ្លួនបាននិាយយថា ពួកគេនិងបក្ខពួកសរុបចំនួន២១នាក់ បានលបឆ្លងដែនតាមច្រកមួយចំនួនក្បែផ្សាររោងក្លឿ ស្រុកអារញ្ញ ហើយត្រូវបានជនជាតិថៃចំនួនពីរនាក់ ជាអ្នកនាំផ្លូវ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយនឹងឈើគ្រញូងចំនួន៣០ផ្ទាំងត្រូវបានកំលាំងជំនាញនាំយកទៅកាន់ស្នាក់ការរបស់គេដើម្បី ធ្វើការសាកសួរបន្ត៕ ដោយ ៖ បន្ទាយ