ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរទណ្ឌិតសមរង្ស៊ី ពូកែដើរបោក និងដើរអំពាវនាវឱ្យបរទេសកាត់ផ្តាច់ជំនួយ គាបសង្កត់ការនាំចេញអង្ករពីកម្ពុជា ហើយសម្តេច បានប្រកាស មិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី មកស្រែកដូរ មិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុនទៀតឡើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ បានថ្លែងថា ហ្នឹងហើយមិនអីទេ កុំតែចូលមកបានហើយ ប្រាប់ឱ្យហើយ គឺថាប្តូរផ្តាច់មក មកប្តូរមក ប្តូរបានតែនៅកន្លែងមួយចំនួន តែមកប្តូរនៅកម្ពុជា គឺអត់បានទៀតហើយ វាហួសហើយ មិនមែនមកដូរ មិនដូរ ម្តងនេះគឺមិនបានទេ មិនដូរទៀតទេ។ ខ្ញុំបាននិយាយហើយ ខ្ញុំអន់ចិត្តបន្តិចដែរ គឺមានអ្នកខ្លះជឿអាណុង ដើរបោកបានគ្រាន់បើដែរ មែនទែនសរសើរវាទៅដើរបោកហ្នឹង ពូកែដើរបោក។
សម្តេចពិជ័យសេនា ទៀ បាញ ថ្លែងថា ទណ្ឌិត សម រង្ស៊ី ដែលជារឿយតែងតែអំពាវនាវឱ្យកងទ័ព បះបោរប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រសូត្រឡើងពីការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញប្រទេសនោះ។ គ្រប់ទង្វើររបស់ទណ្ឌិត សម រង្ស៊ី គឺសុទ្ធតែបង្ហាញពីគោលបំណង យ៉ាងពិតប្រាកដ ក្នុងការបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបំផ្លិចបំផ្លាញសុខសន្តិភាព របស់ប្រជាជនកម្ពុជា ដែលកំពុងតែសប្បាយ រីករាយជាមួយសន្តិសភាព ដែលរកបានដោយលំបាកពីសំណាក់មគ្គុទេសក៍ដ៏ឆ្នើមរបស់កម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនមាតុភូមិ ដ៏កម្សត់មួយនេះ ឱ្យមានទទួលបាននូវស្ថានភាពដូចសព្វថ្ងៃនេះ។ បណ្តាប្រទេសមួយចំនួន ដែលជឿលើការញុះញង់ ពីសំណាក់ទណ្ឌិត សម រង្ស៊ី ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកកម្ពុជាជាច្រើនថា ជាជនផ្តាច់ការ បំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ព្រមទាំងគាបសង្កត់ការបញ្ចេញមតិ។ ទណ្ឌិតរូបនេះ បានដើរអំពាវនាវឱ្យបរទេសកាត់ផ្តាច់ជំនួយ គាបសង្កត់ការនាំចេញអង្ករពីកម្ពុជា និងផលិតផលនាំចេញជាច្រើនទៀតផងដែរ ៕ ដោយ ៖ បញ្ញាស័ក្តិ