ប្រទេសកាណាដាបានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកទូតនៅក្នុងប្រទេសគុយបា មកត្រឹមចំនួនពាក់កណ្តាល ក្រោយពេលអ្នកការទូតម្នាក់ទៀតបានធ្លាក់ខ្លួនឈឺ។ ចាប់តាំងពីឆ្នាំ ២០១៧មក បុគ្គលិកទូតកាណាដាក្នុងប្រទេសនេះចំនួន ១៤នាក់បានធ្លាក់ខ្លួនឈឺយ៉ាងអាថ៌កំបាំង។
ចាប់តាំងពីឆ្នាំ ២០១៧ អ្នកការទូតកាណាដា និងអាមេរិចនៅក្នុងរដ្ឋធានី Havana ប្រទេសគុយបា ដំបូងឡើយបានត្អូញត្អែរថា វិលមុខ ឈឺក្បាល និងក្អួតចង្អោរ។ អាមេរិចក៏បានកាត់បន្ថយចំនួនបុគ្គលិកទូតក្នុងប្រទេសនោះពី ៥០នាក់មកត្រឹម ១៨នាក់ ក្រោយពេលបុគ្គលិកជាងពាក់កណ្តាលរងការវាយប្រហារដោយជំងឺដ៏អាថ៌កំបាំងនោះ។
ជុំវិញការកាត់បន្ថយបុគ្គលិកទូតនៅគុយបានេះ មន្ត្រីរដ្ឋាភិបាលបានថ្លែងប្រាប់អ្នកសារពត៌មានដូច្នេះថា “ការកាត់បន្ថយបុគ្គលិកបន្ថែមក្នុងស្ថានទូតកាណាដា យើងជឿជាក់ថាជាការឆ្លើយតបយ៉ាងវិជ្ជមាន”។
រដ្ឋាភិបាលគុយបានបានធ្វើការសហការជាមួយនឹងកាណាដា ក្នុងការស៊ើបអង្កេតករណីផ្ទុះជំងឺដ៏អាថ៌កំបាំងនោះ ហើយឥឡូវគេមិនទាន់បានកំណត់ច្បាស់ពីមូលហេតុនៅឡើយទេ។
មន្ត្រីរដ្ឋាភិបាលកាណាដា ថ្លែងថា “ខ្ញុំគិតថា មន្ត្រីគុយបាក៏មានបញ្ហាតានតឹងចិត្តដូចពួកយើងដែរដែលមិនទាន់បានខិតជិតទៅដល់ការកំណត់ មូលហេតុរបស់វា”។
សូមបញ្ជាក់ថា ប្រទេសកាណាដាគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសគុយបា។ កាលបីឆ្នាំមុន ប្រជាជនកាណាដាច្រើនជាង ១លាននាក់បានទៅលេងកោះ Caribbean ធ្វើឲ្យវាក្លាយជាទីផ្សារសេដ្ឋកិច្ចមួយដ៏សំខាន់៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia