ព្រះសីហនុ៖ បុគ្គលិក ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់ លោកឧកញ៉ា ទៀ វិចត្រ បន្ទាប់ពីបានទទួលព័ត៌មានមកថា មានករណីបុរសជនបរទេសម្នាក់ ដែលត្រូវគេអះអាងថា បានបាត់ខ្លួនជាមួយកូនអូបរ័តូចពណ៌ខៀវ ១គ្រឿង លើផ្ទៃសមុទ្រ នាខេត្តព្រះសីហនុ ជាច្រើនថ្ងៃកន្លងទៅ កាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានបុគ្គលិកបំរើការងារ នៅទូកទេសចរណ៍ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីតប៊ូត កម្ពុជា (G.T.V.C Speed Boat) កម្ពុជា ដែលមាន លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក បានប្រទះឃើញជនបរទេសរូបនោះ កំពុងដេកស្តូកស្តឹង នៅក្នុងអូបរ័តូចមួយ កំពុងអណ្តែតនៅលើលំហសមុទ្រ នាប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ។
ជនបរទេស ដែលមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់រូបនេះ ក៏ត្រូវបានបុគ្គលិក របស់ ក្រុមហ៊ុន ជី.ធី.វី.ស៊ី បានជួយសង្គ្រោះនាំយកទៅកាន់ដីគោក ដោយសុវត្ថិ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។
បុគ្គលិក ក្រុមហ៊ុន ជី.ធី.វី.ស៊ី បានអះអាងថា ជនបរទេសរូបនេះ បើសិនមិនបានជួយសង្គ្រោះទាន់ពេលទេ ទំនងជានឹងអាចរងគ្រោះដល់អាយុជីវិត។
បញ្ហានេះ សមត្ថកិច្ចនគរបាល នៃស្នងការរដ្ឋានខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា កំពុងទាក់ទងសាក្សី ដើម្បីឈានដល់កំណត់អត្តសញ្ញាណ របស់ជនបរទេសរូបនេះអោយបានច្បាស់លាស់ ជាពិសេសលើករណីឈានដល់បាត់ខ្លួននៅលើលំហសមុទ្រ ជាមួយកូនអូរប័រតូច ១គ្រឿង ក្នុងប៉ុន្មានថ្ងៃមកនេះ៕ ដោយ៖ ដែន អយុធ្យា