ប្រទេសរុស្សីបានប្រកាសថា ខ្លួនកំពុងតែមានគំរោងអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលថ្មី ក្រោយពេលខ្លួន និងសហរដ្ឋអាមេរិចបានដកខ្លួនបណ្តោះអាសន្នចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ។
សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែររយៈចំងាយមធ្យម (INF) ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៨៧ ក្នុងកំឡុងសង្គ្រាមត្រជាក់ ដើម្បីបំបាត់វិបត្តិ។ សន្និសញ្ញានេះ ហាមប្រាមអាមេរិច និងរុស្ស៊ីមិនឲ្យប្រើប្រាស់មីស៊ីលរយៈចំងាយខ្លី និងមធ្យមឡើយ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំប្រកាសថា អាមេរិចអាចនឹងចាកចេញពីសន្ធិសញ្ញានោះ ក្រោយចោទប្រកាន់រុស្ស៊ីជាយូរមកហើយថា បានរំលោភទៅនឹងសន្ធិសញ្ញា។ ចំណែករុស្ស៊ីវិញ ក៏ព្រមានដូចគ្នាផងដែរ។
ការព្រមានរបស់មហាអំណាចយោធាទាំងពីរ បានធ្វើឲ្យមានក្តីបារម្ភពីការប្រណាំងប្រជែងអាវុធថ្មីៗ។
តើរុស្ស៊ីមានគំរោងអ្វី?
នៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu បានថ្លែងថា គោលបំណងរបស់រុស្ស៊ីគឺបង្កើតមីស៊ីលបាញ់ចេញពីដែនគោកថ្មី ក្នុងរយៈពេល ២ឆ្នាំទៀត។
មីស៊ីលបាញចេញពីដែនគោកត្រូវបានហាមមិនអោយប្រើប្រាស់ឡើយក្នុងសន្ធិសញ្ញា ប៉ុន្តែមិនមានការហាមប្រាមដល់ មីស៊ីលបាញ់ចេញពីដែនអាកាស ឬសមុទ្រឡើយ ដែលមីស៊ីលទាំងពីរ ប្រភេទនេះរុស្ស៊ីមានរួចរាល់ហើយ។ វាអាចត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតប្រព័ន្ធមីស៊ីលថ្មី។
រុស្ស៊ីក៏ចោទប្រកាន់អាមេរិចវិញដូចគ្នាថា អាមេរិចបានរំលោភទៅនឹងសន្ធិសញ្ញា ដោយអាមេរិចកំពុងតែធ្វើការយ៉ាងសកម្មក្នុងការបង្កើតមីស៊ីលបាញ់ពីដែនគោលដែលអាចមានរយៈចម្ងាយលើស ៥០០គីឡូម៉ែត្រ ហើយសមត្ថភាពបាញ់នោះគឺវាលើសទៅនឹងការកំណត់របស់សន្ធិសញ្ញាទៀត។
ជុំវិញគំរោង និងការចោទប្រកាន់របស់រុស្ស៊ីនេះ អាមេរិចមិនទាន់មានប្រតិកម្មនៅឡើយទេ៕ សុភ័ក្ត្រ
ប្រភព៖ BBC