ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ « ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំ និងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ»។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី១៥ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមទៀតថា មិនថា ឯកឧត្តម ថាក់ ស៉ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៉ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។
សម្តេចតេជោ បានលើកឡើងបន្តថា « ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៉ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។
ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់
ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

