Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់ និងសកលលោក

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោយពីរដ្ឋសភា បានពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខតំបន់ និងពិភពលោក។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏មានតម្លៃរបស់គណៈប្រតិភូសភាអូស្រ្តាលីនៅក្នុងឱកាសនេះថា ពិតជាមានសារៈសំខាន់ជាសារវ័ន្ត ជាពិសេសក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិរវាងរដ្ឋសភាកម្ពុជា និងអូស្រ្តាលី ក៏ដូចជាការពង្រឹងពង្រីកទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរដែលមានសា្រប់ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព ដោយសារខ្លួនបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ហើយបានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនាពីសង្រ្គាម។ កម្ពុជាតែងតែចូលរួមជាមួយពិភពលោកក្នុងការលើកម្ពស់ និងការពារសន្តិភាព។ មានសន្តិភាពទើបមានការអភិវឌ្ឍ។ ដោយសារការស្រឡាញ់ និងការថែរក្សាសន្តិភាពទំាងនៅក្នុងប្រទេស ក៏ដូចជានៅតំបន់ កម្ពុជាបានប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសការរួមរស់ដោយភាពសុខដុមរមនាជាមួយប្រទេសជិតខាងគ្នា តាមរយៈស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ។
សម្តេចរដ្ឋសភាធិបតី បានបន្តថា កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន តាមស្មារតីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាយល់ច្បាស់ថា ដើម្បីអនុវត្តឱ្យបាននូវបទឈប់បាញ់ ការកសាងសន្តិភាពយូរអង្វែង និងការវិលត្រឡប់មកវិញនូវទំនាក់ទំនងជាអ្នកជិតខាងល្អ ចាំបាច់ត្រូវជំរុញការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍ឱ្យបានកាន់តែមានប្រសិទ្ធភាព។

លោកជំទាវ ហ្វីអូណា ហ្វីលីព បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏មាមាញឹក ទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅនៅក្នុងឱកាសនេះ។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លីនៅកម្ពុជានេះ គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅខេត្តសៀមរាបផងដែរ។ លោកជំទាវប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាអំពីកិច្ចសហប្រតិបត្តិការអូស្រ្តាលីជាមួយកម្ពុជា មានច្រើនវិស័យ នៅក្នុងនោះអ្នកស្ម័គ្រចិត្តអូស្រ្តាលី បានបញ្ជូនមកកម្ពុជា ជារៀងរាល់ឆ្នាំ ដើម្បីបំពេញបេសកកម្មលើការងារសុខាភិបាល អប់រំសហគមន៍ ការបណ្តុះបណ្តាលជំនាញដល់កុមារ និងស្រ្តីរងគ្រោះពីអំពើហិង្សា ការអប់រំអំពីសមភាពយេនឌ័រ ការបណ្តុះបណ្តាលសហគមន៍ជនជាតិដើមភាគតិច ជាដើម។

លោកជំទាវ បានថ្លែងការកោតសរសើរអំពីការរីកចម្រើនរបស់កម្ពុជា ដែលកសាងបាននូវសមិទ្ធផលធំៗជាច្រើន នៅក្នុងនោះ អាកាសយានដ្ឋានធំ ទំនើប ដែលទើបបើកដំណើរការនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លំាង។ លោកជំទាវ ហ្វីអូណា ហ្វីលីព បានយល់ស្របនឹងការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា អំពីតម្លៃនៃសន្តិភាព។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា គាំទ្រចំពោះអនុស្សរណៈនិងកិច្ចព្រមព្រៀងនានាដែលរដ្ឋាភិបាលប្រទេសទំាងពីរ (កម្ពុជា-អូស្រ្តាលី) បានធ្វើរួមគ្នាកន្លងមក។ មួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល សភា និងប្រជាពលរដ្ឋអូស្រ្តាលី ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ រួមចំណែកដល់ការស្តារ ថែរក្សាសុខសន្តិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្តេចបានស្នើអូស្រ្តាលី ពិនិត្យលទ្ធភាពបង្កើនការវិនិយោគ និងគំាទ្រដល់ការអភិវឌ្ឍកម្ពុជាបន្ថែមទៀត ទំាងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ បច្ចេកវិទ្យានិងទេសចរណ៍ ពិសេសជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជានិងអូស្រ្តាលី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×