ប្រទេសកូរ៉េខាងជើងកំពុងតែយកអាវុធនុយក្លេអ៊ែរ និងអាវុធផ្លោងផ្សេងៗទៅលាក់ទុកពីការវាយប្រហាររបស់យោធាអាមេរិច។ នេះបើតាមការបញ្ជាក់របស់អ្នកការទូតក្រុមប្រឹក្សាសន្និសុខអង្គការសហប្រជាជាតិ ដែលបានដកស្រង់ពីរបាយការណ៍របស់អង្គការសហប្រជាជាតិ។
របាយការណ៍បញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងនៅល្អដដែល និងគ្មានបង្ហាញពីការផ្លាស់ប្តូរឥរិយាបទរបស់កូរ៉េខាងជើងឡើយ ទោះបីជាប្រធានាធិបតីអាមេរិចដូណាល់ ត្រាំគ្រោងជួបមេដឹកនាំកូរ៉េខាងជើងជាលើកទី ២ក្តី។
កាលពីសប្តាហ៍មុន លោកត្រាំ បានកោតសរសើរកូរ៉េខាងជើងចំពោះការរីកចម្រើនក្នុងកិច្ចចរចារ ប៉ុន្តែប្រភពបានថ្លែងប្រាប់ CNN ថារបាយការណ៍នេះបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងកំពុងតែព្យាយាម រក្សាទុកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដើម្បីឲ្យរួចរាល់ក្នុងការបាញ់ចេញ។
ការបរាជ័យក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ទណ្ឌកម្មអន្តរជាតិមិនមានប្រសិទ្ធភាពក្នុងការធ្វើឲ្យកូរ៉េខាងជើងញញើតទេ។ នេះបើតាមរបាយការណ៍។
កូរ៉េខាងជើង ដែលតែងតែស្នើឲ្យមានការដកទណ្ឌកម្មលើខ្លួន បានបន្តល្មើសទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមរយៈ ការបង្កើនការដឹកប្រេង និងធ្យូងថ្មតាមរយៈការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយ។
របាយការណ៍សង្ខេបក៏បានលើកឡើងពីការពាក់ព័ន្ធរបស់ធនាគារសិង្ហបុរី និងអាមេរិច ក្នុងការផ្តល់លុយថ្លៃប្រេងទៅឲ្យកូរ៉េខាងជើង ហើយរបាយការណ៍រកឃើញទៀតថា ការផ្ទេរប្រេងម្តងមានតម្លៃច្រើនជាង ៥,៧លានដុល្លាឯណោះ។
ក្រៅពីការលក់ប្រេង របាយការណ៍បញ្ជាក់ទៀតថា កូរ៉េខាងជើងល្មើសទៅនឹងបំរាមរបស់អង្គការសហប្រជាជាតិ ដោយរបបនេះ នៅតែបន្តលក់អាវុធតូចៗ អាវុធភ្លើង និងសព្វាវុធផ្សេងៗទៀតទៅអោយប្រទេសលីប៊ី សូដង់ និងក្រុមបះបោរនៅក្នុងប្រទេសយេមែនជាដើម តាមរយៈមេអណ្តើក៕ សុភ័ក្ត្រ
ប្រភពៈ CNN