ភ្នំពេញ ៖ ករណីឆបោកតាមប្រព័ន្ធទូរស័ព្ទ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ គឺខ្មែរម្នាក់ និងបក្ខពួក២នាក់ ជាជនជាតិនិហ្សេរីយ៉ា។
សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានមានករណីមានជនឆរបោកតាមទូស័ព្ទពីក្រសួងមហាផ្ទៃថ្មីៗនេះលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងផ្ទាល់ ចុះស៊ើបអង្កេត និងស្រាវជ្រាវ តាមបណ្តាភ្នាក់ងារវេលុយវីង នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ។ ហើយក្រោយមកកម្លាំងសមត្ថកិច្ចក៏បានកំណត់មុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ស៊ុំ ពិសី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅព្រែកឡុងខាងលើ រួមនិងវត្ថុតាងម៉ូតូមួយគ្រឿងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានថ្លែងថា ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើគឺធ្វើឡើងក្រោយពីកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោទទួលបានពត៌មាន ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឱ្យសមត្ថកិច្ចជួយសហការបង្ក្រាបករណីឆបោកប្រាក់ជាប្រព័ន្ធ តាមប្រព័ន្ធបច្ចេកវិទ្យា Facebook ខលតាមទូរស័ព្ទ និង Hack កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ។
លោក បន្តថា៖បន្ទាប់ពីធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរួចសមត្ថកិច្ច បានបញ្ជូនជនសង្ស័យឈ្មោះ ស៊ុំ ពិសី និងវត្ថុតាងខាងលើទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត និងធ្វើការស្រាវជ្រាវរកបក្ខពួក រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកបានចំនួន២នាក់ទៀត ទី១ឈ្មោះ Iloanya clancyemeka ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ និហ្សេរីយ៉ា ទី២ឈ្មោះ MMADU UGONNA ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា រួមនិង វត្ថុតាង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ដោយ ៖ កូឡាប