ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ បានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់ចាស់ជរា ៤ គ្រួសារ គ្រួសារមានជីវភាពខ្វះខាត ១១ គ្រួសារ និងជនពិការមា្នក់ មកពី ២ ឃុំក្នុងស្រុកស្វាយជ្រំ គឺឃុំ កំពង់ចំឡង ៦ គ្រួសារ ឃុំបាសាក់ ១០ គ្រួសារ សរុប ១៦ គ្រួសារ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកស្រី ពៅ សុភាព បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើមដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។
អំណោយបានចែកជូននៅពេលនេះទាំង ១៦ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) អាវយឺត ១ និងថវិកា ៥០,០០០ រៀល ដោយឡែកស្ត្រីពិការម្នាក់ទទួលបានបន្ថែមរទេះជនពិការ ១ និងធុងទឹកជ័រ ១ ៕ ដោយ ៖ វ៉ៃកូ