Tuesday, March 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិអប្សរាចេញសេចក្តីអំពាវនាវ ស្តីពីការថតរូបភាព និងវីដេអូផ្សព្វផ្សាយនានា នៅក្នុងរមណីយដ្ឋានអង្គរ

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជា ដួងព្រលឹង និងអត្តសញ្ញាណជាតិ សូមថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់ ទាំងសិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកានានា ដែលបានចូលរួមថែរក្សា និងផ្សព្វផ្សាយ បេតិកភណ្ឌ និងប្រពៃណីជាតិដ៏រុងរឿងប្រកបដោយក្តីគោរពស្រឡាញ់។

អាជ្ញាធរជាតិអប្សរាសូមគាំទ្រចំពោះ សកម្មភាពនានា ដែលបានបង្ហាញពីការគោរពស្រឡាញ់ដល់បេតិកភណ្ឌ វប្បធម៌ និងប្រពៃណីជាតិ ទាំង សកម្មភាពទស្សនា ក៏ដូចជាសកម្មភាពថតរូបភាពអនុស្សាវរីយ៍ និងការថតវីដេអូសម្ដែង ក្នុងគោលដៅផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីជាតិ ចូលរួមចំណែកជាមួយក្រសួង/ស្ថាប័ន និងអាជ្ញាធរ ដែលទាំងនេះជាកាយវិការគួរជាទី គោរព និងគួរលើកទឹកចិត្ត។

កន្លងមក តាមរយៈសេចក្តីជូនដំណឹងលេខ ៥៧៩/២៤ រប.សជណ ស្តីពីការកែសម្រួលនូវលក្ខខណ្ឌ តម្រូវថ្មី ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬរូបភាពសន្លឹកនៅក្នុងរមណីយដ្ឋានអង្គរ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តបានល្អប្រសើរក្នុងស្មារតី អភិរក្ស និងលើកតម្លៃបេតិកភណ្ឌ និងវប្បធម៌ជាតិ។ ប៉ុន្តែ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានសម្គាល់ឃើញ នៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ទៅដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ ដ៏ល្អផូរផង់ផងដែរ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា ដែលមានក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ អាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួន ដែលអាចប៉ះពាល់ដូចបានបញ្ជាក់ជូន ខាងលើ ជាអាទិ៍មានដូចជា ទង្វើខុសពីក្រុមប្រតិបត្តិអង្គរ ការថតសម្ដែង ការស្លៀកសម្លៀកបំពាក់ដែលខុសឆ្គងខ្លាំង នឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពដែលឆ្គាំឆ្គង និងមិនសមស្រប ការថតផ្សាយ ផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ និងការថតដែលអាចរំខានដល់ការទស្សនា របស់ភ្ញៀវជាតិ/អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ជាដើម។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសាធារណជនគ្រប់មជ្ឈដ្ឋាន ទាំងអស់មេត្តាយោគយល់ចំពោះការបំពេញកាតព្វកិច្ចរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងចូលរួមសហការ ក្នុងគោលដៅរួមគ្នា ដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ ព្រមទាំងសូមអំពាវដល់ម្ចាស់គណនី ដែលបាន ផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងអស់ ដែលបានបង្កការយល់ច្រឡំដល់មតិសាធារណជន មេត្តាលុបចេញពី គណនីរបស់ខ្លួន ដើម្បីរក្សាបរិយាកាសសង្គមរបស់យើងប្រកបដោយសាមគ្គីភាពជាតិតែមួយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×