ស្ត្រីជនជាតិអង់គ្លេសម្នាក់ ត្រូវជាប់គុកនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែទះកំផ្លៀងមន្ត្រីអន្តោប្រវេសន៍នៅព្រលានយន្តហោះអន្តរជាតិ Ngurah Rai នៅកោះបាលី។
ស្ត្រីខាងលើមានឈ្មោះថា Auj-e Taqaddas និងមានវ័យ ៤២ឆ្នាំ។ គាត់បានស្រែក និងជេរបុរសម្នាក់ ដែលហៅគាត់ ដោយសារមន្ត្រីនោះបានដឹងថា ទិដ្ឋការរបស់ស្ត្រីនោះបានផុតកំណត់។
គាត់ត្រូវបានតុលាការរកឃើញថាមានទោសពីបទប្រើហឹង្សាលើមន្ត្រី ក្រោយពេលគាត់បានទះកំផ្លៀង មន្ត្រីនោះ និងបានកញ្ឆក់លិខិតឆ្លងដែន។
គាត់អាចប្រឈមនឹងការជាប់គុករយៈពេល ៦ខែ ប៉ុន្តែគាត់អះអាងថា ទោសនោះគឺមិនយុត្តិធម៌ទេ។
ស្ត្រីខាងលើបានស្នាក់នៅកោះបាលី ដោយផុតកំណត់ទិដ្ឋការប្រហែល ១៦០ថ្ងៃ។ នៅពេលខាងអន្តោប្រវេសន៍ប្រាប់គាត់អោយបង់ប្រាក់ពិន័យចំនួន ៣.៥០០ដុល្លា គាត់បានឆ្លើយតបមកវិញយ៉ាងហឹង្សា ហើយត្រូវគេថតបានសកម្មភាពរបស់គាត់។
គាត់បានចោទប្រកាន់ព្រះរាជអាជ្ញាថាបានធ្វើទារុណកម្ម និងបង្ខំគាត់ឲ្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែខាងព្រះរាជអាជ្ញាបញ្ជាក់ថា មិនមានការប្រើហឹង្សាលើស្ត្រីខាងលើឡើយ។
គាត់មិនបានចូលខ្លួនទៅកាន់តុលាការតាមការណាត់ជាច្រើនដង ហើយខាងព្រះរាជអាជ្ញានិយាយថា ពួកគេមានសិទ្ធិក្នុងការចាត់វិធានការដើម្បីនាំគាត់មកតុលាការឲ្យបាន។
ចៅក្រមបញ្ជាក់ថា ស្ត្រីនោះបានដាក់ពាក្យប្តឹងឧទ្ធរណ៍៕
ប្រភព៖ BBC