ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ (ភ.ព៧CPP-PhnomPenh) បានផ្សាយថា លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញមកទាត់ចោល នូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ ដែលចែកចាយដោយ ទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិ។
លោក សួស យ៉ារ៉ា បានបញ្ជាក់ថា៖ សូមប្រកាសបន្ទាន់កាលពី ២៨នាទីមុននេះ Page សម រង្ស៊ី បានប្រើអត្ថបទក្លែងក្លាយ ជាសេចក្តីថ្ងែងការណ៍របស់គណបក្សប្រជាជន។ សូមបដិសេធ និងទាត់ចោលទាំងស្រុង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ ក្លែងក្លាយមួយ មានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើម្បីញុះញង់ និងបំបែកបំពាក់គណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៊ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ ។ សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា “ពួកយើងនឹងរួមកម្លាំង ជាមួយប្រជារាស្ត្រ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីស្វាគមន៍ឯកឧត្តម សម រង្ស៊ី ក្នុងកំណើរមាតុភូមិនិវត្តន៍ របស់លោក ក្នុងឆ្នាំ២០១៩នេះ ហើយពួកយើងនឹងធ្វើឲ្យប្រជារាស្ត្រខ្មែរ រួបរួមគ្នាជាធ្លុងមួយ ដើម្បីរួចផុតពីមហាអន្តរាយ ក្រោយការដឹកនាំប្រកបដោយគ្រោះថ្នាក់ របស់បុគ្គល ហ៊ុនសែនសព្វថ្ងៃ”។
ចំណែកផេកហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញភ.ព៧CPP-PhnomPenh នៅថ្ងៃទី៨ខែកុម្ភៈនេះ បានលើកឡើងថា “យើងខ្ញុំគណៈកម្មាធិការសាខាបក្សប្រជាជនកម្ពុជាភ.ព៧ សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបង្ហោះសេចក្ដីថ្លែងការណ៍ ក្លែងក្លាយមួយ ដែលបានចែកចាយពាសពេញ ប្រព័ន្ធបណ្ដាញសង្គម FaceBook ផ្លូវការរបស់ ទណ្ឌិត សម រង្ស៊ី (Sam Rainsy) ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស គណបក្សប្រជាជនកម្ពុជា និង ស្ថេរភាពសន្តិសុខជាតិ។ យើងខ្ញុំសូមឲ្យអាជ្ញាធរ ជាពិសេសក្រសួងពាក់ព័ន្ធ មេត្តាធ្វើការស៊ើបអង្កេត ទៅលើបុគ្គលដែលក្លែងបន្លំ សេចក្ដីថ្លែងការណ៍ និងទណ្ឌិត សម រង្ស៊ី ដែលបង្ហោះចែករំលែកផ្សព្ធផ្សាយ សេចក្ដីថ្លែងការណ៍ក្លែងក្លាយ របស់គណបក្សប្រជាជនកម្ពុជា សូមមានវិធានការផ្លូវច្បាប់ ណាមួយ ចំពោះរឿងខាងលើ ដើម្បីថែរក្សាកិត្តិយស មុខមាត់ និង សាមគ្គីភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា”៕ ដោយ ៖ កូឡាប