ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ បានបញ្ជាក់ថា អតីតក្រុមប្រឆាំង ដែលព្យាយាមបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាថ្មីៗមកនេះ គឺមានកលល្បិចច្រើនណាស់ ដូច្នេះប្រសិនបើនិយាយនៅក្នុងទ្រឹស្តី បដិវត្តន៍ពណ៌ គឺមានកលល្បិចរាប់រយ ក៏ប៉ុន្តែក្រុមទាំងនោះអនុវត្តន៍ មិនបានដោយសារតែកងយោធពលខេមរភូមិន្ទទាំងមូល សហការគ្នាយ៉ាងរឹងមាំ ព្រមទាំងសាមគ្គីភាពគ្នា ស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ដោយបានការពារវាយបំបាក់រាល់ឧបាយកល និងការប៉នប៉ងផ្តួលរំលំរាជរដ្ឋាភិបាល របស់ក្រុមអគិតទាំងនេះគ្រប់បែបយ៉ាងផងដែរ។
នយោបាយលាបពណ៌ ញុះញង់ បោកប្រាស់ និងដើរភូតភរបរទេសឲ្យស្អប់ រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានរលាយទាំងស្រុង នៅពេលសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា កំពុងបង្ហាញវត្តមាននាពេលបច្ចុប្បន្ននេះ។
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ បានថ្លែងពេលចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តឆ្នាំ២០១៩ របស់កងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ក្រោយពីបោះឆ្នោត ពួកនេះបានសាបព្រោះ ឬមួយឃោសនា ខិតខំថា នឹងដកកៅអីពីកម្ពុជា នៅអង្គការសហប្រជាជាតិ មិនឱ្យសហរដ្ឋអាមេរិក មិនឱ្យវីហ្សាទៅដល់នៅព្រះរាជាណាចក្រកម្ពុជា រហូតដល់បំផុសសហគមន៍អឺរ៉ុប បរទេសនានាគាបសង្កត់ផ្សេងៗ លើព្រះរាជាណាចក្រកម្ពុជា ក្រោយពីដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនៃយើង នយោបាយភូតភរនេះ បានសាបរលាបអស់រហូតដល់បញ្ហានេះ លែងមានលើកយកមកនិយាយទៀត នេះជាបញ្ហាមួយធ្វើឱ្យបរាជ័យនយោបាយភូតភរ។ មហាជនរាបលាននាក់ ចូលរួមអបអរសាទរ ជាមួយថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ព្រោះទាំងចំណាយពេលយ៉ាងយូរ ដោយបង្ហាញពីការសាមគ្គីភាពជាធ្លុងមួយរវាងថ្នាក់ដឹកនាំ និងប្រជាជនផងដែរ។ ដូច្នេះសូមជនរួមជាតិទាំង ត្រូវតែមើលឱ្យឃើញពីសារសំខាន់ទាំងនេះ នៃសុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា និងការរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ដូចពេលបច្ចុប្បន្ននេះ ឱ្យបានគ្រប់គ្នាៗ។
នាយឧត្តមសេនីយ៍ បានបន្តថា ជាក់ស្តែងកងទ័ពរបស់កម្ពុជាគ្រប់ជាន់ថ្នាក់ រួមទាំងប្រជាជនពលរដ្ឋខ្មែរទាំងអស់ នៅរួមរស់ជាមួយរាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាលស្រប់ច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរារាំងសកម្មភាពគ្រប់បែបយ៉ាង របស់ក្រុមពួកជនអគិតទាំងនោះ មិនអាចឱ្យធ្វើអ្វីបានឡើយចំពោះសុខសន្តិភាព ដែលកំពុងតែកើតមានឡើងនៅកម្ពុជា ដូចពីអតីតកាលនោះឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ