ភ្នំពេញ៖ បើតាមប្រភពពី Cambodia Amazing Trip Planner យុវជនមួយក្រុមនឹងទៅបោះតង់សម្រាកលំហែកាយបំណាច់ឆ្នាំសកល២០១៧នេះ នៅរមណីយដ្ឋានធម្មជាតិភ្នំបូកគោសម្រាប់រយៈពេលបីថ្ងៃពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែធ្នូ។ ជាដំណើរកម្សាន្តសម្រាកចំពេលដែលកម្ពុជារៀបចំពិធីបុណ្យសមុទ្រប្រចាំឆ្នាំដ៏អស្ចារ្យនៅខេត្តកំពត។ អ្នករៀបចំកម្មវិធីដំណើរកម្សាន្តនេះ គឺក្រុមជំនាញបោះតង់ក្នុងស្រុក Amazing Trip Planner។
ស្ថាបនិកAmazing Trip Planner លោក សា ឌីណា បានឱ្យដឹងពីមូលហេតុនៃការជ្រើសរើសតំបន់រមណីយដ្ឋានភ្នំបូកគោនេះគឺដោយសារជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ។ ទេសភាពនៅរមណីយដ្ឋាន មានភាពទាក់ទាញ អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលបំផុតព្រោះតែតំបន់ប្រវត្តិសាស្ត្រ ដូចជាព្រះរាជដំណាក់របស់អតីតព្រះមហាក្សត្រ កាស៊ីណូនៅសម័យបារាំង ទឹកជ្រោះពពកវិល វាលស្រែ៥០០ បឹងធម្មជាតិដ៏ស្រស់ស្អាតលើភ្នំ ផ្កាក្រឡោម និងវត្តសំពៅប្រាំដែលជាទីសក្ការៈជាដើម។ បន្ថែមពីនេះ ទេសភាពខៀវស្រងាត់ និងទេសភាពសមុទ្រ ខ្យល់អាកាសស្រស់ថ្លាដែលជាទីទាក់ទាញ និងរំសាយចិត្តនៃអ្នកទេសចរ។
ដំណើរកម្សាន្តជំរំតង់ សិសិររដូវឋានសួគ៌បូកគោ គឺបុណ្យសមុទ្រ ខេត្តកែប កំពត និងភ្នំបូកគោដែលក្រុមយុវជនទាំងអស់នឹងធ្វើដំណើរទៅតាមរថភ្លើងគយគន់ទេសភាពធម្មជាតិតាមបណ្តោយផ្លូវដែកភ្នំពេញ-កំពត និងរថយន្តក្រុងពីភ្នំពេញឡើងទៅដល់ភ្នំបូកគោ។
ជាមួយគ្នានោះដែរ យុវជនកម្ពុជាបច្ចុប្បន្ន មានទំនោរធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់សហគមន៍ទេសចរណ៍កាន់តែខ្លាំងជាពិសេសក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។នេះគឺជាការកត់សំគាល់របស់ស្ថាបនិកAmazing Trip Planner លោក សា ឌីណាដែលជាអ្នកឯកទេសរៀបចំដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក។ យុវជនកម្ពុជាភាគច្រើនធ្វើដំណើរទៅកាន់ធម្មជាតិថ្មីៗប្លែកៗដែលក្រសួងបរិស្ថានទើបតែរកឃើញ និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយពួកគេចូលចិត្តការបោះតង់ ជិះកង់ក្នុងតំបន់ទេសចរណ៍ ឬការធ្វើដំណើរមើលធម្មជាតិ និងសត្វព្រៃជាដើម។
លោកសា ឌីណា មើលឃើញថានិន្នាការថ្មីរបស់យុវជនកម្ពុជានេះ ពិតជាបាន ចូលរួមផ្សព្វផ្សាយទាំងដោយផ្ទាល់និងប្រយោលចំពោះតំបន់ដំណើរកំសាន្តទេសចរណ៍ធម្មជាតិទាំងនេះឱ្យកាន់តែមានភាពសុះសាយ។ សម្រាប់និន្នាការថ្មីៗរបស់យុវជនកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានមើលឃើញថាជាយន្តការមួយដែលមហាជន ជាពិសេសយុវជនបានចូលរួមក្នុងការថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន ក៏ដូចជាការពង្រឹងជីវភាពប្រជាជននៅតាមមូលដ្ឋានតំបន់ទេសចរណ៍ធម្មជាតិទាំងនោះឱ្យកាន់តែប្រសើរដោយឈប់ពឹងផ្អែកលើការទាញផលពីធនធានធម្មជាតិ ហើយងាកមករកការបម្រើសេវាកម្មជាកញ្ចប់សម្រាប់ទេសចរវិញ៕ ដោយ៖កូឡាប